ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលទាំងអស់ បន្តពង្រឹងប្រព័ន្ធសេវាថែទាំសុខភាព គ្រប់កម្រិតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ នៅរសៀលទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ក្នុងការពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកមកបង្ហាញអំពីខ្លឹមសារ នៃអត្ថន័យបទ “នគររាជ” បទភ្លេងជាតិរបស់ព្រះរាជាណាចក្រកម្ពុជា និពន្ធដោយ ព្រះសង្ឃរាជជួនណាត ដែលជាបទចំរៀងជាតិខ្មែរ និងដួងព្រលឹងជាតិ បង្ហាញពីសិរីសួស្តី ភាពរឹងមាំ រុងរឿង ថ្កើនថ្កាននៃជាតិខ្មែរទាំងមូល ដែលក្នុងនោះក៏បានធ្វើការច្រៀងផ្ទាល់ផងដែរ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលទាំងអស់ បន្តពង្រឹងប្រព័ន្ធសេវាថែទាំសុខភាព គ្រប់កម្រិតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ពីកម្រិតមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែក ស្រុក ខេត្ត និងមន្ទីរពេទ្យជាតិ ដើម្បីធានាឱ្យបាននូវការផ្តល់សេវាបានល្អប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈទាំងសេវាសាធារណៈ និងឯកជន។ ទន្ទឹមនឹងនោះដែរ សូមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតជំងឺមហារីក ដោយត្រូវធ្វើការផ្សព្វផ្សាយនូវសារអប់រំសុខភាព ដើម្បីកាត់បន្ថយអត្រា នៃអ្នកកើតជំងឺមហារីក។
ជាទីបញ្ចប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមជូនពរដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ មានសុខភាពល្អបរិបូណ៍ ជោគជ័យគ្រប់ភារកិច្ចការងារ សុភមង្គលរុងរឿងគ្រប់ក្រុមគ្រួសារ និងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពគ្រប់ទីកន្លែង៕