អ៊ីស្រាអែលបដិសេធមិនព្រមឈប់បាញ់នៅលីបង់
ហ្សេរុយសាឡឹម៖ អ៊ីស្រាអែលបានបដិសេធកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនមិនបានយល់ព្រមលើបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធលីបង់ Hezbollah និងគណបក្សនយោបាយលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងថា របាយការណ៍ស្តីពីបទឈប់បាញ់គឺមិនពិត។
ការិយាល័យបានបន្តថា លោក Netanyahu មិនបានឆ្លើយតប សូម្បីតែសំណើបទឈប់បាញ់ដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានឲ្យដឹងថា អ៊ីស្រាអែលនឹងមិនពិចារណាលើបទឈប់បាញ់ទេ។
លោកបានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាវានឹងមិនមានបទឈប់បាញ់ទេ។ លោកបានបន្តថា ប្រទេសនឹងបន្តការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងក្រុមហេសបូឡា រហូតដល់ជ័យជំនះ និងរហូតដល់អ្នកស្រុកអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅភាគខាងជើង។