ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ស្នើប្រធានក្រុមហ៊ុនចិន រៀបចំកញ្ចប់ទស្សនកិច្ចដើម្បីទាក់ទាញភ្ញៀវទេសចរចិន មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន
ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យ លោក An Xin ប្រធានក្រុមហ៊ុន Tianhe International Travel Service Co., LTD និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យទេសចរណ៍ ក្នុងឱកាសព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍អាស៊ាន-ចិន លើកទី១០ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងគួយលីន ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើលោកប្រធានក្រុមហ៊ុន រៀបចំកញ្ចប់ទស្សនកិច្ចដើម្បីទាក់ទាញភ្ញៀវទេសចរចិន មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន និងជួយផ្សព្វផ្សាយពីគោលដៅទេសចណ៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយ ទាំងនៅទីក្រុង Guilin ក៏ដូចជានៅខេត្តក្វាងស៊ីទាំងមូល ព្រមទាំងស្នើឱ្យ លោកនាយកក្រុមហ៊ុន ភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនឯកជនរបស់ប្រទេសកម្ពុជា ដែលចូលរួមព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍អាស៊ាន-ចិន លើកទី១០ ដែលយើងមានក្រុមហ៊ុនចំនួន១៧ ធ្វើដំណើរដោយផ្ទាល់មកពីកម្ពុជាចូលរួមព្រឹត្តិការណ៍នេះ និងបានអញ្ជើញ លោកប្រធានក្រុមហ៊ុន និងសហការី អញ្ជើញទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ និងវិនិយោគកម្ពុជាបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យលោកប្រធាន ជំរុញប្រជាជនចិនចូលរួមឱ្យបានច្រើនកុះករក្នុងព្រឹត្តការណ៍ធំៗ៣ នៅកម្ពុជា នៅអំឡុងត្រីមាសទី៤ នៅក្នុងក្របខណ្ឌនៃ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” ៕