ឯកឧត្តម ថោ ជេដ្ឋា និងលោកជំទាវ ផ្តល់អំណោយជូនបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ក្រសួង នាំយកអំណោយដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ជូនដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម តាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន មានទីតាំងស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សូមជម្រាបថា អំណោយជាសម្ភារៈគ្រឿងបរិក្ខារតាមការស្នើសុំរបស់បញ្ជាការដ្ឋានការពារកោះឆ្នេរ និងគ្រឿងឧបភោគបរិភោគដែលប្រគល់ជូនដើម្បីប្រើប្រាស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រួមមាន៖ ទី១)អង្ករ ៣៣តោន ទី២)ត្រីខ ១០០កេសធំ ទី៣)មី ១០០កេសធំ ទី៤)ទឹកត្រី ១០០យួរ ទី៥)ទឹកស៊ីអ៊ីវ ១០០យួរ ទី៦)ទឹកបរិសុទ្ធ ១០០កេស និងទី៧)ស៊ីម៉ង់ត៍ ១០០តោន ព្រមទាំងឧបត្ថម្ភថវិកាដល់បញ្ជាការដ្ឋានការពារកោះឆ្នេរនិងឧបត្ថម្ភថវិកាដល់នាយនាវី នាយនាវីរង និងពលនាវីចំនួន ១២៨៦នាក់ សរុប ២៩០ ៤៦៨ ០០០ រៀល និងឧបត្ថម្ភថវិកាសម្រាប់ជួយដោះស្រាយបន្ទុកចំណាយនាពេលកន្លងទៅចំនួន ៧៧ ៦១៧ ដុល្លារអាមេរិក។
ក្នុងឱកាសនោះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងគណ:ប្រតិភូជាន់ខ្ពស់ក្រសួងបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងនាយនាវី នាយនាវីរង និងពលនាវី ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ ជូនដល់នាយនាវី នាយនាវីរង និងពលនាវីទាំងអស់ដែលកំពុងបម្រើការងារនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ។
ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋលេខាធិការក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់បងប្អូនកងទ័ព ដើម្បីបុព្វហេតុជាតិ មាតុភូមិ បូរណភាពទឹកដី ការពារសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕