ឯកឧត្តមបណ្ឌិត កៅ ថាច សំណូមពរដល់ធនាគារ BBG បន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការទូទាត់ប្រាក់ឆ្លងប្រទេសជូនដល់អតិថិជនរបស់ធនាគារ ARDB
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឆ្លៀតក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំ សន្និសិទ អាស៊ាន-ចិន លើកទី២១ លើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការអភិវឌ្ឍ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ ARDB បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dongguo Li លេខាធិការគណៈកម្មាធិការរបស់គណបក្ស និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ GUANGXI BEIBU GULF BANK (BBG) នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ដោយមានការចូលរួមពី លោក តាំង សុខងន់ អគ្គកុងស៊ុលកម្ពុជា ប្រចាំតំបន់ស្វយ័ត ខេត្តក្វាងស៊ី និងសហការី។
ក្នុងឱកាសជំនួបនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងអំណរគុណដល់ភាគី ធនាគារ BBG ដែលបានបំពេញការងារយ៉ាងល្អក្នុងនាមជាធនាគារដៃគូ ទូទាត់ប្រាក់ ឆ្លងប្រទេស (ប្រចាំប្រទេសចិន) ជាមួយធនាគារ ARDB។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានសំណូមពរអោយ ធនាគារ BBG បន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការទូទាត់ប្រាក់ឆ្លងប្រទេសជូនដល់អតិថិជនរបស់ ធនាគារ ARDB និងគាំទ្រដល់កិច្ចសហប្រតិបត្តិការគម្រោងហិរញ្ញប្បទានបៃតង របស់ ធនាគារទាំងពីរ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត ស្នើសុំអោយមានកម្មវិធីផ្តាស់ប្តូរបុគ្គលិករវាងធនាគារទាំងពីរដើម្បីសិក្សា និងស្វែងយល់ អំពីបទពិសោធន៍រវាងគ្នាទៅវិញទៅមក និងពិនិត្យលទ្ធភាពបង្កើតក្រុមការងាររួមដើម្បីសិក្សាអំពីកិច្ចសហប្រតិបត្តិលើផលិតផលថ្មីៗ បន្ថែមទៀតរបស់ធនាគារ ARDB និង BBG នៅថ្ងៃអនាគត។
ជាការឆ្លើយតប, លោក Dongguo Li ប្រធានក្រុមប្រឹក្សាភិបាលធនាគារ BBG បានបង្ហាញការគាំទ្រ ចំពោះអ្វីដែល ភាគីខាង ARDB បានលើកឡើង ហើយលោកក៏បានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំនឹងជំរុញអោយមានប្រសិទ្ធភាពការងារអោយកាន់តែប្រសើរឡើងថែមទៀត។
បន្ថែមពីនេះ លោក Dongguo Li ក៏បានបង្ហាញនូវការតាំងចិត្តថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយធនាគារ ARDB នៅកម្ពុជា អោយកាន់តែប្រសើរឡើង និងគាំទ្រ លើគំនិតផ្តួចផ្តើមបង្កើតក្រុមការងាររួមគ្នា សំដៅអាចឱ្យការសិក្សាគម្រោង បង្កើតផលិតផលថ្មីៗនានា របស់ធនាគារទាំងពីរ ផងដែរ។
សូមបញ្ជាក់ថា ធនាគារ GUANGXI BEIBU GULF BANK (BBG) គឺជាធនាគារអន្តរការី ( Correspondent Bank) ដែលកំពុងធ្វើកិច្ចសហប្រតិបត្តិផ្ទេរ និងទូទាត់ប្រាក់ ប្រចាំប្រទេសចិន ជាមួយធនាគារ ARDB ៕