អនុប្រធានជាន់ខ្ពស់គោលនយោបាយសកល និងចីរភាព របស់ក្រុមហ៊ុនកូកាកូឡា កោតសរសើរពីការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សការងារជាមួយ លោក Michael Goltzman អនុប្រធានជាន់ខ្ពស់គោលនយោបាយសកល និងចីរភាពរបស់ក្រុមហ៊ុនកូកាកូឡា នៅស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងញូវយ៉ក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកាកូឡា ដែលបានផ្តល់ជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបណ្តាក់ទុនលើរោងចក្រដ៏ធំនៅកម្ពុជា និងលើសពីនេះទៅទៀតបានមានសកម្មភាពការទទួលខុសត្រូវចំពោះសង្គមនាពេលកន្លងមក។
លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបតំណាងក្រុមហ៊ុនពីវឌ្ឍនភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អបរិយាសវិនិយោគ សំដៅទាក់ទាញការវិនិយោគបន្ថែមទៀត។
លោក Michael Goltzman បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានជម្រាបពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា និងកោតសរសើរពីការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា ៕