សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង និងក្រុមគ្រួសារ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង និងក្រុមគ្រួសារ ព្រមទាំងប្រជាពុទ្ធបរិស័ទ បានបន្តអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ នគរបាល យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ។
ស្ថិតនៅក្នុងទិវាប្រកបដោយសេចក្ដីជ្រះថ្លៃក្រៃលែងនៃពិធីឆ្លងកាន់បិណ្ឌវេនទី១០ ទៅតាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរនាឱកាសនេះ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ មួយអន្លើថ្វាយដល់វត្ថុសក្ដិសិទ្ធក្នុងលោក ទេព្តាអភិបាលរក្សាទីអារាមវត្តមុនីប្រសិទ្ធីវង្ស និងជូនចំពោះលោកអ្នកមានគុណ មានមាតា និងបិតា ពិសេសសម្ដេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភា និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ។
បញ្ចប់កិច្ចថ្វាយនូវគ្រឿងសក្ការៈដ៏ប្រពៃថ្លៃថ្លានេះរួចហើយ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងក្រុមគ្រួសារ រួមទាំង ប្រជាពុទ្ធបរិស័ទរួមកាន់បិណ្ឌវេនទី១០ នៅទីអារាមវត្តមុនីប្រសិទ្ធីវង្ស ក៏បានប្រារព្ធកិច្ចនមស្ការព្រះរតនត្រ័យ និងសមាទាននូវនិច្ចសីលពីសំណាក់ព្រះសង្ឃជាស្រែបុណ្យដ៏ប្រសើរ ក្រោមព្រះអធិបតីសង្ឃដ៏ខ្ពង់ខ្ពស់ សម្តេចព្រះឧត្តមវង្សា មួង រ៉ា អនុប្រធាន និងជាអគ្គលេខាធិការថេរសភា នៃព្រះពុទ្ធសាសនា សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តមុនីប្រសិទ្ធីវង្ស ។
បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រី រួមទាំង ប្រជាពុទ្ធបរិស័ទ ក៏បានអញ្ជើញប្រារព្ធកិច្ចរាប់បាត្រ វេប្រគេនចង្ហាន់ រួមទាំងទេយ្យទាននានា ថ្វាយ និងប្រគេនសម្តេចព្រះឧត្តមវង្សាព្រះមន្ត្រីសង្ឃ និងព្រះសង្ឃ ដោយព្រះអង្គបាននិមន្តសូត្រព្រះធម៌ស្វាធ្យាយព្រះសត្តប្បករណាភិធម្មបង្សុកូលពហូដារឆ្លង និងផ្សាយផល្លាអានិសង្ឃនៃពិធីបុណ្យកាន់បិណ្ឌវេនទី១០នេះ ជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណរបស់សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុព្វបុរសជាតិ វីរៈជនជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារីទាំងឡាយ ដែលមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា ជាកិច្ចបង្ហើយបុណ្យ៕