លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំបូកសរុបការងារកសិកម្មរយៈពេល ៩ខែ នៅមន្ទីរកសិកម្មខេត្តក្រចេះ
ភ្នំពេញ៖ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបការងារកសិកម្មរយៈពេល ៩ខែ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។
ពិធីនេះមានការចូលរួមពីលោកប្រធាន និងអនុប្រធាន ព្រមទាំងលោក លោកស្រី ជាមន្ដ្រីរាជការទាំងអស់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។
បន្ទាប់ពីបានស្ដាប់របាយការណ៍លទ្ធផលការងាររយៈពេល ៩ខែ ដោយលោកប្រធានមន្ទីរ ទ្រី សុភក្តិ លោកជំទាវបានថ្លែងកោតសរសើរមន្ត្រីរាជការ ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងការចុះបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ និងបទល្មើសនេសាទជាដើម។ លោកជំទាវបានលើកទឹកចិត្តមន្ដ្រីរាជការទាំងអស់ បន្តអនុវត្តការងារឱ្យកាន់តែល្អបន្ថែមទៀត ដើម្បីទប់ស្កាត់បទល្មើសប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ ព្រមទាំងអភិវឌ្ឍវិស័យកសិកម្មនៅខេត្តក្រចេះ ឱ្យកាន់តែរីកចំរើន ដើម្បីជីវភាពកាន់តែប្រសើរឡើងរបស់ប្រជាកសិករនៅក្នុងខេត្តក្រចេះ ដែលមានជិត ១២ម៉ឺននាក់។
នាឱកានេះ លោកជំទាវបានសង្កត់ធ្ងន់ពីសក្ដានុពលវិស័យកសិកម្មនៃខេត្តក្រចេះ ដោយបានគូសបញ្ជាក់បន្ថែមថា បើទោះជាកម្ពុជាលែងជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ CLV-DTA ការអភិវឌ្ឍនៅតាមបណ្ដាខេត្តទាំង៤ ដែលក្នុងនោះរួមមានខេត្តក្រចេះផង នៅតែបន្តធ្វើដដែល តាមរយៈយន្តការ និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដែលកម្ពុជាជាសមាជិកស្រាប់។
ដើម្បីសម្រេចការងារនេះ លោកជំទាវបានផ្ដល់អនុសាសន៍ដល់លោកប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងមន្ដ្រីរាជការទាំងអស់នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដើម្បីកំណត់ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។ តាមរយៈការដឹកនាំពីលោកប្រធានមន្ទីរ ទ្រី សុភក្តិ លោកជំទាវជឿជាក់ថា មន្ដ្រីរាជការទាំងអស់ នឹងរក្សាក៏ដូចជាពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីរួមគ្នាដោះស្រាយបញ្ហា តាមរយៈការជជែកគ្នាដោយស្មោះត្រង់ ត្រឹមត្រូវ ច្បាស់លាស់ និងគោរពគ្នាទៅវិញទៅមក ទើបអាចសម្រេចការងារប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់៕