សម្តេចធិបតី ឲ្យអាជ្ញាធរ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ឲ្យបានល្អប្រសើរជូនពលរដ្ឋ និងទេសចរ ក្នុងពេលភ្ជុំបិណ្ឌ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនិងទេសចរក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ។
ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញដែលបានរៀបចំរថយន្តក្រុង ចំនួន ៤៩៧គ្រឿង ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានា និងរថយន្តក្រុងចំនួន ៥៦គ្រឿងផ្សេងទៀត ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តទាំង៤ នៃតំបន់ភូមិភាគឦសាន ដោយឥតគិតថ្លៃ ដោយ សម្តេច បានស្នើឱ្យការផ្តល់ជូននេះគិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤៕