រដ្ឋមន្រ្តីអប់រំ លើកទឹកចិត្តឱ្យបេក្ខជនប្រឡងបាក់ឌុបទាំងអស់ ខិតខំរំលឹកមេរៀន និងគោរពបទប្បញ្ញត្តិឱ្យបានខ្ជាប់ខ្ជួន
ភ្នំពេញ៖ ឯកឧត្ដម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ខិតខំប្រឹងប្រែងរំលឹកមេរៀន និងគោរពតាមបទប្បញ្ញត្តិនៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន ដើម្បីអនាគតយុវជនជំនាន់។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានធ្វើឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង០៨ តុលា ២០២៤» នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ ប្រសិនបើរកឃើញថាបេក្ខជន រំលោភទៅលើបទប្បញ្ញត្តិ គឺក្រសួងនឹងអនុវត្តតាមគោលការណ៍បញ្ញត្តិដែលបានដាក់ចេញ។
ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងអប់រំ ក៏បានលើកទឹកចិត្ត ដល់គណៈមេប្រយោគ និងគណៈកម្មការនានា ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ត្រូវបំពេញតាមតួរនាទីភារកិច្ចរៀងៗខ្លួនប្រកបដោយស្មារតី មនសិការវិជ្ជាជីវៈ ធានាបាននូវប្រសិទ្ធភាព ដើម្បីជោគជ័យនូវការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងដើម្បីអនាគតយុវជនជំនាន់ក្រោយរបស់យើង៕