គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹង និងគ្រួសាររងគ្រោះដោយទឹកជំនន់ ចំនួន១៦១គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ និងក្រុមការងារ បានអញ្ជើញចុះជួបសួរសុខទុក្ខគ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹង និងគ្រួសាររងគ្រោះដោយជំនន់ទឹកជំនន់ និងផ្តល់អំណោយជូនពួកគាត់ចំនួន១៦១គ្រួសារ មកពីសង្កាត់ទាំង៤ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឱ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ឯកឧត្តមអភិបាលខេត្តក្រចេះ បានបញ្ជាក់ថា គ្រឿងឧបភោគ បរិភោគ ដែលយកមកផ្តល់ជូននាពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលគ្រប់ពេលវេលា សម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ជនមានពិការភាព កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ជាដើម។ ទោះបីជាអំណោយទាំងនេះ មានតិចតួចក្តី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកបានមួយកម្រិតក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនេះផងដែរ។
ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរក្សាសុខភាព ត្រូវរក្សាអនាម័យដោយការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីអោយសុខភាពយើងល្អ និងបានមើលឃើញនូវការអភិវឌ្ឍន៍ប្រទេសជាតិគ្រប់ទីកន្លែងរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនោះដែរប្រជាពលរដ្ឋចាស់ជរា និងគ្រួសារក្រីក្រ បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋទាំងអស់ និងបានជួយដល់ពួកគាត់ក្នុងគ្រាលំបាកគ្រប់ពេលវេលាមិនថាក្នុងកាលៈទេសៈណាក៏ដោយ។
សូមបញ្ជាក់ដែលថា អំណោយដែលបានផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ថវិកា ៥០.០០០រៀល អំណាយដែលចែកពេលនេះ ជាលើកទី២ហើយ ៕