អភិបាលខេត្តកំពង់ធំ ផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិកសុខាភិបាល ជាថ្នាក់ដឹកនាំ នៃមន្ទីរសុខាភិបាលខេត្ត នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តស្មារតីរួបរួមគ្នា ចេះជួយគ្នា ស្មោះត្រង់គ្នានឹងគ្នា បង្កើនសាមគ្គីភាពភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ។
ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្តប្រធាន អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានអនុប្រធានមន្ទីរពេទ្យ និងប្រធាន អនុប្រធានមណ្ឌលសុខភាព ជាច្រើនរូបផងដែរ។
លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានបន្តថា បុគ្គលិកសុខាភិបាល ក៏ដូចជាគ្រូពេទ្យត្រូវរក្សាទំនាក់ទំនងល្អជាមួយបងប្អូនមកទទួលសេវាសុខភាព យកចិត្តទុកដាក់លើការថែទាំសុខភាពបងប្អូនអ្នកជំងឺ ទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត តាមរយៈអាកប្បកិរិយារួសរាយ ញញឹមរាក់ទាក់ បន្ថូភាពតាងតឹង ក្តីបារម្ភនៃអ្នកជំងឺ និងក្រុមគ្រួសារ បង្កើនទំនុកចិត្ត បង្កើតភាពរីករាយ និងគំនិតវិជ្ជមាន មានភាពស្មោះត្រង់ និងតម្លាភាព ចំពោះអ្នកជម្ងឺគ្រប់រូប ៕