ក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសតួកម៉េនីស្ថាន ចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Rashid Meredov រដ្ឋមន្ត្រីការបរទេសតួកម៉េនីស្ថាននៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។
ភាគីទាំងពីរបានពិភាក្សាលើកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។
បន្ទាប់ពីជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម Rashid Meredov បានចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសតួកម៉េនីស្ថាន ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី ៕