មនុស្ស ៣នាក់បានស្លាប់ និង ៤នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើអគារលំនៅដ្ឋាន នៅភាគខាងត្បូងនៃទីក្រុង Beirut
បេរូត៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញានេះថា មនុស្ស៣នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើអគារលំនៅដ្ឋានមួយកន្លែង នៅជិតវិហារ Mar Mikhael ក្នុងទីក្រុង Dahieh ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut។
ខ្សែវីដេអូទូរទស្សន៍បានបង្ហាញរថយន្តសង្គ្រោះ និងក្រុមការពារជនស៊ីវិលប្រញាប់ប្រញាល់ទៅតំបន់នោះដើម្បីដឹកអ្នកស្លាប់ទៅកាន់មន្ទីរពេទ្យ។
យោធាអ៊ីស្រាអែលបាននិងកំពុងបើកការវាយប្រហារថ្មីៗទៅលើគោលដៅនានានៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ចាប់តាំងពីដើមថ្ងៃសៅរ៍ ដោយអះអាងថាពួកគេកំពុងតម្រង់គោលដៅទៅលើអាវុធហេសបូឡាដែលរក្សាទុកនៅក្រោមអគារស៊ីវិល។
ការវាយប្រហារនេះបានធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមុននេះទៅលើទីស្នាក់ការធំរបស់ Hezbollah នៅ Dahieh ដែលយោងតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងការពារអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍បានសម្លាប់មេដឹកនាំ Hezbollah លោក Hassan Nasrallah រួមជាមួយនឹងមេបញ្ជាការផ្សេងទៀតនៅក្នុងក្រុមសកម្មប្រយុទ្ធ។
អ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួននៅទូទាំងប្រទេសលីបង់ចាប់តាំងពីថ្ងៃចន្ទមក ដែលជាសកម្មភាពយោធាយ៉ាងទូលំទូលាយបំផុតក្នុងតំបន់ចាប់តាំងពីឆ្នាំ២០០៦។
នេះជាការកើនឡើងចុងក្រោយបំផុតនៃការប៉ះទង្គិចគ្នាដែលកំពុងបន្តដែលបានចាប់ផ្តើមនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលក្រុមហេសបូឡាហ៍បានចាប់ផ្តើមបាញ់រ៉ុក្កែតទៅកាន់អ៊ីស្រាអែលក្នុងសាមគ្គីភាពជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលបណ្តាលឱ្យមានការបាញ់កាំភ្លើងធំសងសឹករបស់អ៊ីស្រាអែល និងការវាយប្រហារតាមអាកាសនៅភាគអាគ្នេយ៍លីបង់។