រដ្ឋមន្រ្តីក្រសួងសាធារណការ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការចុះសិក្សាលម្អិតដើម្បីជំរុញគម្រោងព្រែកជីកហ្វូណនតេជោឱ្យដំណើរការបានរលូនតាមផែនការដែលបានគ្រោងទុក
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីវឌ្ឍនភាពការចុះសិក្សាលម្អិតគម្រោងព្រែកជីកហ្វូណនតេជោ ក្រោមកិច្ចដឹកនាំ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការពិសេស (តាមរយៈប្រព័ន្ធ Zoom Meeting) ដោយមានការអញ្ជើញចូលរួមពី សហភាគីនៃប្រទេសចិន តំណាងដោយ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមនឹងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំមានគោលបំណងពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើកិច្ចការសិក្សាផ្នែកបច្ចេកទេស បង្ហាញលទ្ធផលពីការចុះប្រមូលទិន្នន័យតាមតម្រាយផ្លូវនៃគម្រោងព្រែកជីហ្វូណនតេជោ ដើម្បីធ្វើការវាយតម្លៃឱ្យបានកាន់តែលម្អិត និងសិក្សាជំហាន បន្ទាប់ដើម្បីជំរុញគម្រោងព្រែកជីកហ្វូណនតេជោឱ្យដំណើរការបានរលូនតាមផែនការដែលបានគ្រោងទុក ៕