មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ត្រួតពិនិត្យកម្លាំងអន្តរាគមន៍ ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះមហន្តរាយដោយទឹកជំនន់
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ និងថ្នាក់ដឹកនាំកងពល នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍នៅហ្នឹងកន្លែង និងត្រួតពិនិត្យសម្ភារៈ មធ្យោបាយ ដើម្បីត្រៀមចុះជួយសង្គ្រោះបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្ដរាយផ្សេងៗ កើតឡើងដោយយថាហេតុក្នុងភូមិសាស្ត្រទទួលខុសត្រូវ។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានផ្សព្វផ្សាយ និងដាក់បទបញ្ជាគ្រប់បណ្ដាអង្គភាពចំណុះកងពលទាំងអស់ ត្រៀមកម្លាំងអន្តរាគមន៍នៅហ្នឹងកន្លែង ២៤ម៉ោង លើ២៤ម៉ោង រងចាំបទបញ្ជា ដើម្បីត្រៀមលក្ខណះចល័តអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយមហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា និងត្រៀមចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសប្រជាពលកំពុងប្រារព្ធពិធីបុណ្យកាន់ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានថ្លែងការកោតសរសើរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានអនុវត្តនូវតួនាទីភារកិច្ចតបតាមបទបញ្ជារបស់កងពលដាក់ចុះ ក៏ដូចជាអនុវត្តតាមផែនការរបស់ថ្នាក់លើប្រគល់ជូន ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕