លោក Netanyahu ព្រមានអ៊ីរ៉ង់ តាមរយៈយុទ្ធនាការ វាយប្រហារនៅលីបង់
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានព្រមាននៅក្នុងសុន្ទរកថា តាមទូរទស្សន៍កាលពីថ្ងៃសៅរ៍ថា ការធ្វើឃាតមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah នៅក្នុងប្រទេសលីបង់ បង្ហាញថាគ្មានកន្លែងណាមួយ នៅក្នុងមជ្ឈិមបូព៌ាហួសពីលទ្ធភាព របស់អ៊ីស្រាអែលនោះឡើយ។
កងកម្លាំងការពារជាតិ នៃប្រទេសអ៊ីស្រាអែល ដែលហៅកាត់ថា IDF បានសម្លាប់មេដឹកនាំក្រុមសកម្មប្រយុទ្ធលីបង់ ក្នុងការទម្លាក់គ្រាប់បែកលើបរិវេណក្រោមដី ក្នុងទីក្រុងបេរូតនៅប្រទេសលីបង់ហើយក្រុម Hezbollahក៏ បានបញ្ជាក់ពីការស្លាប់របស់មេដឹកនាំលោក Nasrallah កាលពីថ្ងៃសៅរ៍កន្លងមកនេះផងដែរ។
លោក Netanyahu បានព្រមានអ៊ីរ៉ង់ ដោយសំដៅលើវាថាជា របបរបស់ ayatollahs ថាអ៊ីស្រាអែលនឹងសងសឹកប្រឆាំងនឹង រដ្ឋណាមួយដែលគំរាមកំហែង ដល់ប្រទេសរបស់ខ្លួន។
លោកបានបន្តបែបនេះថា អ្នកដែលវាយប្រហារយើង យើងនឹងវាយប្រហារពួកគេវិញ។ គ្មានកន្លែងណាក្នុងប្រទេសអ៊ីរ៉ង់ ឬមជ្ឈិមបូព៌ាហួសពីដៃដ៏វែង របស់អ៊ីស្រាអែលឡើយ ហើយសព្វថ្ងៃនេះអ្នកដឹងថាវាពិតយ៉ាងណារួចទៅហើយ។
លោក Netanyahu បាននិយាយថា ការសម្លាប់លោក Nasrallah ជាសារបន្ថែមដល់ក្រុម Hamasហើយ លោក Yahya Sinwar ប្រធាននយោបាយរបស់ក្រុម Hamas កាន់តែដឹងថា ហេសបូឡាលែងមកសង្គ្រោះ ពួកគេបានទៀតហើយដែល នោះជានឹងក្លាយទៅជាឱកាស កាន់តែច្រើនសម្រាប់ការវិលត្រឡប់ មកវិញចំណាប់ខ្មាំងរបស់យើង។