សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្មក់ចុះពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធារណៈទៅស្រុកកំណើត
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈចេញទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ក៏ដូចប៉ុន្មានឆ្នាំមុនផងដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយមិនគិតថ្លៃ។ ការធ្វើបែបនេះ បានជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ហើយបាននាំមកនូវក្តីរីករាយដល់ប្រជាពលរដ្ឋផងដែរ។
ការបានរថយន្តជិះទៅលេងស្រុកកំណើតមិនអស់ថ្លៃជាក្តីរីករាយមួយទៅហើយសម្រាប់ប្រជាពលរដ្ឋ ពួកគាត់រឹតតែរំភើបរីករាយថែមទៀតនៅពេលបានឃើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះទៅជូនដំណើរដោយផ្ទាល់។
ប្រជាពលរដ្ឋបានបង្ហាញក្តីរំភើបរីករាយ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសម្រេចរបស់សម្តេចមហាបវរធិបតី។ ក្នុងឱកាសនោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យប្រជាពលរដ្ឋបានថតរូបជាអនុស្សាវរីយ៍ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត ៕