គណៈប្រតិភូនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ស្តីពីសន្ធានកម្ម នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ
ភ្នំពេញ៖ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លីស្តីពីសន្ធានកម្ម នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដែលវគ្គបណ្តុះបណ្តាលនេះ ត្រូវបានប្រារព្ធបេីកក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. និងដោយមានការចូលរួមជាសិក្ខាកាមពី សមាជិកនៃ អ.ដ.ក. រួមជាមួយថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ចំនួន១៥រូប។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្កើនសមត្ថភាព និងការយល់ដឹងលេីជំនាញដោះស្រាយវិវាទ ជាពិសេសបទពិសោធន៍នៃការធ្វើសន្ធានកម្មក្នុងបរិបទនៃប្រទេសកូរ៉េ ដែលក្នុងនោះ សិក្ខាកាមទាំងអស់បានទទួលការចែករំលែកចំណេះដឹងទាំងទ្រឹស្តី និងការអនុវត្តន៍ ពីសាស្ត្រាចារ្យល្បីៗ និងប្រកបដោយបទពិសោធន៍ពាក់ព័ន្ធនឹងការងារសម្រុះសម្រួលដោះស្រាយវិវាទ ព្រមជាមួយនិងការធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់ទៅកាន់ទីតាំងមួយចំនួនដែលជាមជ្ឈមណ្ឌលសម្រុះសម្រួលដោះស្រាយវិវាទថែមទៀត។
មិនតែប៉ុណ្ណោះ ប្រតិភូនៃ អ.ដ.ក. ក៏បានជួបប្រជុំជាមួយតំណាងក្រសួងយុត្តិធម៌កូរ៉េ និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យស្ត្រី EWHA Womans University ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការធ្វេីកិច្ចសហប្រតិបត្តិការរវាង អ.ដ.ក. ជាមួយក្រសួងយុត្តិធម៌កូរ៉េ និងសាកលវិទ្យាល័យស្ត្រី សម្រាប់ពេលអនាគតផងដែរ។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលរយៈពេលខ្លីនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌កម្ពុជា, អ.ដ.ក., និងក្រសួងយុត្តិធម៌កូរ៉េខាងត្បូង ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌កូរ៉េ ៕