អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសនៅកណ្តាលទីក្រុងបេរូត
បរទេស៖ ទូរទស្សន៍ក្នុងស្រុក al-Jadeed បានរាយការណ៍ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា សំដៅទៅលើមជ្ឈមណ្ឌលអាជ្ញាធរសុខាភិបាល ដែលមានទំនាក់ទំនងជាមួយក្រុម Hezbollah ក្នុងតំបន់ al-Bachoura កណ្តាលទីក្រុង Beirut ដែលបណ្តាលឱ្យមានអគ្គីភ័យដ៏ធំមួយ។ ខ្សែវីដេអូទូរទស្សន៍បានបង្ហាញពីផ្សែងខ្មៅយ៉ាងខ្លាំងឡើងពីអគារ។
ការវាយប្រហារតាមអាកាសក៏បាននាំឱ្យមានការខូចខាតយ៉ាងខ្លាំងដល់ផ្ទះក្បែរនោះ និងរថយន្តដែលចត។ រថយន្តសង្គ្រោះ និងក្រុមការពារជនស៊ីវិល បានប្រញាប់ប្រញាល់ទៅកាន់តំបន់នោះ ដើម្បីជួយសង្គ្រោះ។
យោងតាមក្រសួងសុខភាពសាធារណៈរបស់ប្រទេសលីបង់ យ៉ាងហោចណាស់មនុស្ស ៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅក្នុងតំបន់ al-Bachoura។
ទូរទស្សន៍នេះបានរាយការណ៍ថា មិនយូរប៉ុន្មានមុនពេលការវាយប្រហារនៅកណ្តាលទីក្រុង Beirut អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាចំនួនបីលើតំបន់ Haret Hreik នៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut។