៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍កើនឡើងប្រមាណ ៥០ភាគរយ ធៀបនឹងឆ្នាំ២០២៣
ភ្នំពេញ៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបចំនួន ១៨០ ៨៩៣ នាក់ កើនឡើង ៥០.៩២ ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១១៩ ៨៦៤ នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។
របាយការណ៍ខាងលើ បានបញ្ជាក់ថា ភ្ញៀវទេសចរជាតិ មានចំនួនជាង ១៧០ ០០០នាក់ និងភ្ញៀវទេសចរអន្តរជាតិជាតិ មានចំនួនជិត ៨ ០០០នាក់។
តាមការឱ្យដឹងពី មន្ត្រីជំនាញរបស់រដ្ឋបាលខេត្តសៀមរាប អំឡុងពេល ២ដ្ងៃដំបូង នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅតាមបណ្ដារមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ ក្នុងខេត្តសៀមរាប មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ដែលបណ្តាលឱ្យផ្លូវមួយចំនួនមានការកកស្ទះចរាចរណ៍ ទន្ទឹមនោះនគរបាលចរាចរណ៍ ក៏បានចុះប្រចាំការនៅតាមបណ្ដាផ្លូវទាំងនោះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ តែទោះជាយ៉ាងនេះក្ដី រដ្ឋបាលខេត្តសៀមរាប ក៏បានសូមអធ្យាស្រ័យចំពោះការកកស្ទះចរាចរណ៍នេះ ដោយសារកំណើនភ្ញៀវទេសចរណ៍មានការកើនខ្លាំង ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យដ៏ធំមួយរបស់ប្រទេស។
ដោយឡែកការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងការបម្រើសេវាកម្មទេសចរណ៍ក្នុងខេត្ត អាជ្ញាធរបានតាមដាន និងត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីធ្វើយ៉ាងណាឱ្យខេត្តសៀមរាបក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយសោភណ្ឌភាព សុវត្ថិភាព និងសេវាកម្មល្អប្រសើរ៕