ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយវិស័យឯកជនរបស់សហរដ្ឋអាម៉េរិកចំនួន ៣ស្ថាប័នបន្ថែមទៀត ដើម្បីផ្សព្វផ្សាយកាលានុវត្តភាពវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន ជួបពិភាក្សារការងារជាមួយវិស័យឯកជនចំនួន ៣ស្ថាប័ន លើវិស័យថាមពល, វិស័យពាណិជ្ជកម្មអេឡិចត្រូនិច (E-Commerce), និងសុខាភិបាល ដើម្បីផ្សព្វផ្សាយនិងពន្យល់លម្អិតអំពីបរិយាកាសវិនិយោគនៅកម្ពុជា កញ្ចប់លើកទឹកចិត្តនានា និងកិច្ចសម្របសម្រួលវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានជម្រាបជូនអំពីព័ត៌មានជាសក្តានុពលសម្រាប់កិច្ចការងារវិនិយោគនៅកម្ពុជា ដោយក្នុងនោះគណៈប្រតិភូកម្ពុជាបានស្នើក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពក្នុងការបណ្តាក់ទុនវិនិយោគរបស់ខ្លួននៅកម្ពុជា លើវិស័យថាមពល វិស័យសុខាភិបាល និងការដាក់លក់ផលិតផលកម្ពុជានៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដែលជាមុខសញ្ញាវិនិយោគរបស់ក្រុមហ៊ុនផងដែរ៕