កម្ពុជា-អាម៉េរិក បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តមទីប្រឹក្សារងសន្តិសុខជាតិ ផ្នែកសេដ្ឋកិច្ចអន្តរជាតិរបស់សហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃអង្គារទី១ ខែតុលា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Daleep Singh ទីប្រឹក្សារងសន្តិសុខជាតិផ្នែកសេដ្ឋកិច្ចអន្តរជាតិរបស់សហរដ្ឋអាម៉េរិក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសនៃជំនួបជាមួយឯកឧត្តម Daleep Singh បានជម្រាបជូនអំពីកិច្ចសហប្រតិបត្តិការជាផ្លែផ្ការវាងប្រទេសទាំងពីរកន្លងមក និងបន្តបង្ហាញពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់លទ្ធភាពដល់ក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាម៉េរិកអាចមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។
បន្ទាប់ពីបានស្តាប់ប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរួចរាល់ ឯកឧត្តម Daleep Singh បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។
ភាគីទាំងពីរបានបង្ហាញឆន្ទៈនឹងពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ៕