ចិនដីគោក ចូលរួមរំលែកទុក្ខ ក្រោយភ្លើងឆេះមន្ទីរពេទ្យតៃវ៉ាន់
ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោកនៅថ្ងៃព្រហស្បតិ៍នេះ បានសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារនៃជនរងគ្រោះ បន្ទាប់ពីភ្លើងឆេះមន្ទីរពេទ្យបានសម្លាប់មនុស្សប្រាំបួននាក់នៅក្នុងខោនធី Pingtung ភាគខាងត្បូងតៃវ៉ាន់។
លោក Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបានឲ្យដឹងថា យើងសូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់អាយុជីវិត និងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ពួកគេ និងអ្នករងរបួសទាំងអស់។
ថ្លែងទៅកាន់អ្នកសារព័ត៌មានមុននេះបន្តិច លោក Su Ching-chyuan ព្រឹទ្ធបុរសកិត្តិយសនៃមន្ទីរពេទ្យ បានឲ្យដឹងថា អគ្គិភ័យនេះបណ្តាលមកពីការឆេះម៉ាស៊ីនបង្ហាប់ខ្យល់នៅក្នុងបន្ទប់ម៉ាស៊ីន ដោយបន្ថែមថា ជនរងគ្រោះភាគច្រើនជាអ្នកជំងឺវ័យចំណាស់ដែលសម្រាកនៅមន្ទីរពេទ្យ។