រដ្ឋមន្ដ្រីក្រសួងរ៉ែ៖ សម្តេចធិបតី បានសម្រេចផ្តល់ការអនុគ្រោះបន្ថែម តម្លៃអគ្គិសនីដល់ម៉ាស៊ីនកិនស្រូវ និងការសម្ងួតស្រូវ ដើម្បីកាត់បន្ថយចំណាយ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញធ្វើបាឋកថាស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា សម្តេចធិបតី បានសម្រេចផ្តល់ការអនុគ្រោះបន្ថែម តម្លៃអគ្គិសនីដល់ម៉ាស៊ីនកិនស្រូវ និងការសម្ងួតស្រូវ ដើម្បីកាត់បន្ថយចំណាយ ក្នុងការកិនស្រូវ និងសម្ងួតស្រូវ ក្នុងន័យជួយកសិករ រុញការធ្វើផលិតកម្មស្រូវឲ្យបានទូលំទូលាយ ក្នុងការនាំចេញស្រូវ-អង្ករលើទីផ្សារពិភពលោក។
ឯកឧត្ដមបញ្ជាក់ថា សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានជួយបន្ថែមទៀតដល់ម៉ាស៊ីនកិនស្រូវ និងឡសម្ងួត ដើម្បីជួយយោងដល់កសិករខ្មែរ។ នេះជាការប្ដេជ្ញារបស់សម្ដេច ដើម្បីជួយដល់ប្រទេសជាតិ ដូច្នេះគ្មានមូលហេតុអ្វីដែលត្រូវដំឡើងថ្លៃឡើយ។
ឯកឧត្ដមកែវ រតនៈ បានបញ្ជាក់បន្ថែមថា ដូច្នេះចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើការកិនស្រូវ សម្ងួតស្រូវ សូមមេត្តាទំនាក់ទំនងតាមរយៈសមាគមម៉ាស៊ីនកិនស្រូវ ដើម្បីស្វែងយល់ព័ត៌មានបន្ដព្រោះថា យើងមិនអាចរុញទៅឲ្យគ្រប់ម្នាក់ៗនោះឡើយ ប៉ុន្ដែរុញតាមរយៈសមាគមនឹងរុញតាមរយៈការផ្សព្វផ្សាយ របស់អគ្គិសនីកម្ពុជា និងសង្ឃឹមថាបងប្អូនទទួលបានផល៕