រដ្ឋមន្ដ្រីក្រសួងរ៉ែ បញ្ជាក់ចំពោះការលើឡើងថា តម្លៃអគ្គិសនីកម្ពុជាថ្លៃ ធ្វើឱ្យការផលិតមិនអាចប្រកួតប្រជែង ជាមួយបណ្ដាប្រទេសជិតខាងបាន
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញធ្វើបាឋកថាស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានពន្យល់ពីតម្លៃអគ្គិសនីនៅកម្ពុជា ឆ្លើយតបនឹងការលើឡើងថា តម្លៃអគ្គិសនីកម្ពុជាថ្លៃ ធ្វើឱ្យការផលិតមិនអាចប្រកួតប្រជែង ជាមួយបណ្ដាប្រទេសជិតខាងបាន។
ឯកឧត្ដម កែវ រតនៈ បានថ្លែងឲ្យដឹងថា នៅលើពិភពលោកនេះតម្លៃអគ្គិសនីខុសៗគ្នាទាំងអស់ មិនអាចមានតម្លៃដូចគ្នាបាននោះឡើយ ជប៉ុនជាប្រទេសដែលជឿនលឿន និងអាចផលិតថាមពលបាន តើហេតុដូចម្ដេចបានជា ជប៉ុនមិនធ្វើឲ្យតម្លៃអគ្គិសនីចុះថោកបាន និងមានបណ្ដាប្រទេសនានា ដូចជាសឹង្ហបុរី ជាដើម […..] ដូច្នេះការប្រៀបធៀបប្រទេស២ ឬប្រទេសផ្សេងៗ មិនអាចបង្ហាញពីតថភាពជាក់ស្ដែងឡើយ។
ឯកឧត្ដម កែវ រតនៈ បានបញ្ជាក់បន្ថែមថា “ដូច្នេះការប្រៀបធៀបតម្លៃអគ្គិសនីរវាងកម្ពុជា និងបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត គឺសុទ្ធសឹងតែជាការប្រៀបធៀបដែលខុស ខុសតាំងតែពីដំបូងមកម្ល៉េះ ក្នុងន័យនេះក៏មិនអាចនិយាយបានថា មិនគិតគូរពីការប្រៀបធៀបនោះឡើយ ព្រោះការប្រៀបធៀបបានអនុញ្ញាត ឲ្យយើងគិតគូរល្អិតល្អន់អំពីឫសគល់អ្វីមួយ និងសម្រេចបាននូវលទ្ធផលនានា”។
ឯកឧត្តមបានបន្ថែមថា នៅពេលមេអគ្គិសនីអាស៊ានជួបគ្នាម្ដងៗ គឺមិនដែលលើកយកការពិភាក្សាគ្នា អំពីការធ្វើយ៉ាងណាឲ្យតម្លៃអគ្គិសនីដូចគ្នានោះឡើយ ព្រោះការពិភាក្សានេះ ជាការពិភាក្សាដែលមិនមាន ប្រយោជន៍នោះទេព្រោះថា ការពិភាក្សាបែបនេះមិនអាចមានលទ្ធផលនោះឡើយ។ ដូច្នេះនយោបាយដ៏ល្អបំផុត គឺនយោបាយដែលប្រើប្រាស់ធនធានដែលមានក្នុងប្រទេស ផ្គុំជាមួយការទាក់ទាញ ដើម្បីទម្លាក់ថ្លៃអគ្គិសនីឲ្យអស់លទ្ធភាព៕