រយៈពេល ៣ថ្ងៃ បុណ្យភ្ជុំបិណ្ឌ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៤លើក បណ្ដាលឱ្យស្លាប់មនុស្ស៣០នាក់
ភ្នំពេញ៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា គិតត្រឹម រយៈ ពេល ៣ ថ្ងៃ នៃ ពិធី បុណ្យ ភ្ជុំ បិណ្ឌ ពោលចាប់ ពី ថ្ងៃ ទី ១ ដល់ ថ្ងៃ ទី ៣ ខែ តុលា ឆ្នាំ២០២៤ កម្ពុជាមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៤លើក ដែលបណ្ដាលឱ្យស្លាប់មនុស្សអស់៣០នាក់។
របាយការណ៍បន្តថា ចំនួននេះបានថយចុះ២៤លើក ស្មើ៤១ភាគរយបើធៀបនឹងភ្ជុំក្នុងឆ្នាំ២០២៣។ ហើយចំពោះអ្នក រង របួសដោយសារគ្រោះ ថ្នាក់ ចរាចរណ៍ វិញមាន ចំនួន តែ ៥០ នាក់ ទេ ពោល ថយ ចុះ ២៩ នាក់បើធៀបនឹងឆ្នាំមុនដែរនោះ។ យ៉ាងណាមិញ មូលហេតុគ្រោះថ្នាក់នេះភាគច្រើនបណ្ដាលមកពី កត្តាល្មើសល្បឿន៣៨ភាគរយ មិនគោរពសិទ្ធិ១៨ភាគរយ មិនប្រកាន់ស្ដាំ១៥ភាគរយ ប្រជែងគ្រោះថ្នាក់១២ភាគរយ បត់គ្រោះថ្នាក់១២ភាគរយ និងកត្តាយានយន្ត៦ភាគរយ។
របាយការណ៍បានឱ្យដឹងទៀតថា ទន្ទឹមនឹងនោះដែរ រយៈពេលភ្ជុំ៣ថ្ងៃនេះមានយានយន្តចូលគោលដៅចំនួន ១១១គ្រឿង រថយន្តធំ ០២គ្រឿង រថយន្តតូច ៧៣គ្រឿង ម៉ូតូ ៣៦គ្រឿង។ ក្នុងនោះ រកឃើញយានយន្តល្មើសសរុបចំនួន ១០១គ្រឿង(ពិន័យ ១០២ករណី) រថយន្តធំ ០១គ្រឿង(ពិន័យ ០១ករណី) រថយន្តតូច ៦៤ គ្រឿង(ពិន័យ ៦៥ករណី) និងម៉ូតូ ៣៦គ្រឿង(ពិន័យ ៣៦ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ។
គួររំលឹកផងដែរថា ត្រឹមកន្លះឆ្នាំ២០២៤ ពោលចាប់ពីខែមករាដល់ខែមិថុនា ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានកើតឡើង ១ ៥២០លើក ក្នុងនោះអ្នកស្លាប់មានចំនួន ៧៩៣នាក់ ដែលតួលេខនេះបានកើនឡើង៥ភាគរយ។ ជាមួយគ្នានោះ ក៏មានអ្នករបួសចំនួន ២ ០៧២នាក់កើនឡើង៤៤នាក់ ស្មើនឹង២ភាគរយដែលបានបន្សល់ទុកនូវសោកនាដកម្ម និងបន្ទុកជាច្រើនដល់ប្រជាពលរដ្ឋ និងសង្គមផងដែរ។
យ៉ាងណាមិញ ក្រសួងមហាផ្ទៃបាននិងកំពុងរៀបចំកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដើម្បីឱ្យស្របតាមស្ថានភាពជាក់ស្តែងនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាបបំផុត និងចូលរួមអនុវត្តនូវផែនការសកលស្តីពីសុវត្ថិភាពចរាចរណ៍របស់អង្គការសហប្រជាជាតិក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន៥០ភាគរយ នៅឆ្នាំ២០៣០៕