អភិបាលស្ដីទីរាជធានីភ្នំពេញ ណែនាំដល់នគរបាលចរាចរណ៍ ដកដៃចេញពីការត្រួតពិនិត្យផាកពិន័យ ទៅជាការសម្រួលចរាចរណ៍ នៅថ្ងៃប្រឡងបាក់ឌុប
ភ្នំពេញ៖ លោក កេីត ឆែ អភិបាលស្ដីទីនៃរដ្ឋបាលរាជធានីភ្នំពេញ បានធ្វេីការណែនាំដល់នគរបាលចរាចរណ៍ផ្លូវគោកឱ្យដកដៃចេញ ពីវិធានការត្រួតពិនិត្យការផាកពិន័យ ទៅជាការជួយសម្រួល និងដោះស្រាយចរាចរណ៍ នៅពេលកកស្ទះតាមដងផ្លូវ ដេីម្បីឱ្យបេក្ខជន ទៅប្រឡងបាក់ឌុប អាចធ្វេីដំណេីរទាន់ពេលវេលា ។
ការណែនាំបែបនេះ ធ្វេីឡេីងក្នុងកិច្ចប្រជុំពង្រឹងវិធានការការពារ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ដែលមានការចូលរួមពីឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម ឃាង សេង អនុប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ។
ក្នុងកិច្ចប្រជុំនោះ លោក កេីត ឆែ បានគូសបញ្ជាក់ថា ការប្រឡងនេះ គឺជាពានរង្វាន់ សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រក្សាពានរង្វាន់ ដែលប្រជាពលរដ្ឋសាទរ ក្នុងការកែទម្រង់វិស័យអប់រំនេះឱ្យបាន។
លោក កើត ឆែ បានអះអាថា សម្ដេចធិបតីហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ពង្រឹងការអប់រំ តាំងពីបឋមសិក្សាឱ្យខ្លាំងជាគោលនយោបាយ រាជរដ្ឋភិបាលអណត្តិទី៧ ដោយលោកបានចំណាយពេលវេលាដ៏មានតម្លៃបំផុត ធ្វើដំណើរតាមរថយន្តចុះតាមបណ្ដាខេត្តនានា ដើម្បីដឹងសុខទុក្ខ និងពីតម្រូវការ របស់ប្រជាពលរដ្ឋ បើប្រទេសយើង មានមនុស្សពូកែច្រើនធ្វើឱ្យប្រទេសមានការរីកចម្រើនយើងហ្នឹង ដើរដល់គោលដៅ។
ជាមួយគ្នានេះ លោកអភិបាលស្តីទី បានបញ្ជាក់ថា មន្ត្រីពាក់ព័ន្ធត្រូវមានមុខនៅតាមមណ្ឌលប្រលង នៅថ្ងៃទី៨តុលានេះ សូមឱ្យនគរបាលចរាចរណ៍ផ្លូវគោក ដកដៃចេញ ពីវិធានការត្រួតពិនិត្យការផាកពិន័យ ទៅជាការជួយសម្រួល និងដោះស្រាយចរាចរណ៍ ដោយប្រើប្រាស់កម្លាំងអន្តរាគមន៍របស់អាជ្ញាធរ ដេីម្បីជួយសម្របសម្រួល នៅពេលកកស្ទះតាមដងផ្លូវ ដេីម្បីឱ្យបេក្ខជនទៅប្រឡងឱ្យបានទាន់ពេលវេលា។
លោក កេីត ឆែ បានបញ្ជាក់ទៀតថា ចំពោះការផ្ញេីរកង់ម៉ូតូ នៅតាមមណ្ឌលប្រឡង មិនឱ្យបង់ប្រាក់ទេ ព្រោះរដ្ឋបាល រាជធានីភ្នំពេញ បានចេញប្រាក់ជំនួសហេីយ។
សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានមណ្ឌលសំណេរ ចំនួន ៣២មណ្ឌល ស្មេីនឹង ១.០៣៧បន្ទប់ មានបេក្ខជន ចំនួន ២៥.៧៣៩នាក់ និងមណ្ឌលកំណែចំនួន ១០មណ្ឌល។
ក្នុងចំណោមបេក្ខជនប្រឡងឆ្នាំនេះ មានបេក្ខជនស្វ័យរិន ចំនួន ៥.៨៣៧នាក់ ជនពិការគរថ្លង់ ១៣នាក់។ សម្រាប់រាជធានីភ្នំពេញ បានជ្រើសយកវិទ្យាល័យ ព្រះស៊ីសុវត្ថិ រក្សាសុវត្ថិភាពវិញ្ញាសា និងធ្វើកំណែវិញ្ញាសា ៕