ឯកឧត្តម មាន ចាន់យ៉ាដា៖ សិស្សានុសិស្សប្រឡងបាក់ឌុបអាចស្នាក់នៅដោយសេរីនៅទីស្នាក់ការសហភាពសហ័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា បានបញ្ជាក់ថា សិស្សានុសិស្សប្រឡងបាក់ឌុបអាចស្នាក់នៅដោយសេរីនៅទីស្នាក់ការសហភាពសហ័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមានជ័យ។
នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា និងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារ ស.ស.យ.ក. ខេត្តឧត្តរមានជ័យ បានជួបប្រជុំពិភាក្សាលម្អិតអំពីការងារជួយសម្រួលដល់ប្អូនៗសិស្សានុសិស្សដែលត្រូវឡើងពីតាមបណ្ដាស្រុក មកប្រឡងនៅទីរួមខេត្ត ក្នុងនោះ ស.ស.យ.ក. ខេត្តឧត្តរមានជ័យ នឹងរៀបចំកន្លែងស្នាក់នៅ រៀបចំកន្លែងផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃនៅគ្រប់មណ្ឌលប្រឡងរបស់ខេត្ត។
ឆ្លៀតឱកាសនេះ ឯកឧត្តម មាន ចាន់យ៉ាដា ក៏បានជូនពរប្អូនៗដែលត្រូវប្រឡងនាថ្ងៃទី៨-៩ ខាងមុខនេះ សូមថែរក្សាសុខភាព និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីអនាគតដ៏ត្រចះត្រចង់របស់ខ្លួន៕