អភិបាលខេត្តក្រចេះ នាំយកស្រូវពូជ OM 5451 ចំនួន៩.២០០គីឡូក្រាម ប្រគល់ជូនប្រជាកសិកររងគ្រោះដោយសារទឹកជំនន់ ចំនួន០៤ឃុំ ក្នុងស្រុកសំបូរ
ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញនាំយកស្រូវពូជ OM 5451 ចំនួន៩.២០០គីឡូក្រាម ប្រគល់ជូនប្រជាកសិកររងគ្រោះដោយសារទឹកជំនន់ ដែលប៉ះពាល់ចំនួន០៤ឃុំ ក្នុងស្រុកសំបូរ មាន៩២គ្រួសារ មានផ្ទៃដីសរុប១៧៩ហិកតា។ ដោយមានការអញ្ជើញចូលរួមពីលោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោក ដួង ពៅ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសំបូរ លោកនាយករដ្ឋបាលខេត្ត អភិបាលស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ និងមន្រ្តីពាក់ព័ន្ធ។
នៅក្នុងពិធីចែកស្រូវពូជនាពេលនោះដែល លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានធ្វើការពន្យល់និងណែនាំទៅប្រជាកសិករអំពីបច្ចេកទេស នៃការដាំដុះដំណាំស្រូវ ដើម្បីឱ្យទទួលបានទិន្នផលខ្ពស់ និងជម្រុញឱ្យប្រជាកសិកររូតរះ ក្នុងការភ្ជួររាស់ ដកស្ទួង អោយបានទាន់រដូវកាលទឹកសម្រក។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរពីស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះក្នុងពេលទឹកជំនន់ និងក្រោយទឹកជំនន់ ដោយមិនទុកឱ្យនណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។ ហើយជាពិសេស គឺបងប្អូនប្រជាកសិករ ដែលមានលទ្ធភាពក្នុងការស្តារនូវ វិស័យកសិកម្ម ដោយពួកគាត់មានផ្ទៃដី សម្ភារៈ និងប្រភពទឹកសម្រាប់ធ្វើកសិកម្មឡើងវិញ តែបងប្អូនខ្វៈនូវពូជសម្រាប់ដាំដុះ ទើបរាជរដ្ឋាភិបាលសម្រេចផ្តល់នូវពូជស្រូវជូននាពេលនេះ។
ឯកឧត្តមអភិបាលខេត្ត ក៏ជម្រុញឱ្យបងប្អូនប្រជាកសិករទាំងអស់ ត្រូវខិតខំធ្វើការភ្ជួររាស់ ដកស្ទួង អោយបានទាន់រដូវកាលទឹកសម្រក និងត្រូវធ្វើការថែបំប៉ននូវស្រូវរបស់ខ្លួនឱ្យបានល្អប្រសើរ មិនត្រូវទុកស្រូវចោល ដោយមិនទៅមើលថែទាំ ទុកឱ្យដង្កូវស៊ី ឬស្មៅបោកងាប់នោះទេ។ ហើយក្រៅពីការធ្វើស្រែ ចេះដាំដំណាំរួមផ្សំ ក៏ដូចជាចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ សុទ្ធតែអាចយកទៅលក់បានប្រាក់កម្រៃ យកមកទ្រទ្រង់ជីវភាពដូចគ្នា និងថែរក្សាសុខភាពឲ្យបានល្អប្រសើរ ៕