សម្តេច ទៀ បាញ់ អញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមាតុភូមិនិវត្តន៍ បន្ទាប់ពីយាងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅបារាំង
ភ្នំពេញ៖ នាថ្ងៃចន្ទទី៧ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមទទួលព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងមាតុភូមិនិវត្តន៍ បន្ទាប់ពីព្រះអង្គយាងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅសាធារណរដ្ឋបារាំង។
យាង និងអញ្ជើញទទួលព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាឱកាសនោះ រួមមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងសម្ដេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាតិ ព្រះញាតិវង្ស និងអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា៕