នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកវគ្គវិក្រិតការគរុកោសល្យយោធាចារ្យ និងនាយទាហានគ្រប់គ្រង ជំនាន់ទី៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គវិក្រិតការគរុកោសល្យយោធាចារ្យ និងនាយទាហានគ្រប់គ្រង ជំនាន់ទី៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ)។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា គោលដៅនៃការសិក្សានេះ ដើម្បីធ្វើទំនើបកម្មការងារអប់រំហ្វឹកហ្វឺនបណ្តុះបណ្តាល ឆ្ពោះទៅធានាប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី ភារកិច្ច ក្រោយពីបញ្ចប់វគ្គ និងគោលបំណងត្រៀមរៀបចំឲ្យបានល្អិតល្អន់ពីចម្ងាយ ទាំងកម្មវិធីសិក្សា មេរៀន យោធាចារ្យ សាស្ត្រាចារ្យ សិក្ខាកាម និងការងារធានាផ្គត់ផ្គង់គ្រប់ផ្នែក ដើម្បីបម្រើការហ្វឹកហ្វឺន។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំដល់នាយទាហាន នាយទាហានរង គ្រប់រូប ស្ថាប័ន និងមជ្ឈមណ្ឌល សហការគ្នាតាមតួនាទី ភារកិច្ចរៀងខ្លួន លើកកម្ពស់ស្មារតីទទួលខុសត្រូវ នូវកិច្ចការដែលបានប្រគល់ដោយធានាថា វគ្គវិក្រិតការគរុកោសល្យយោធាចារ្យ និងនាយទាហានគ្រប់គ្រង ដ៏មានសារៈសំខាន់នេះ អនុវត្តបានល្អតាមកម្មវិធីដែលគ្រោងក្នុងផែនការវគ្គហ្វឹកហ្វឺន។
លើសពីនេះ ត្រូវចងចាំថានៅពីលើនាយទាហាន នាយទាហានរងគ្រប់រូបទាំងអស់គ្នាគឺមាតុភូមិ អ្វីដែលមានសារៈសំខាន់សម្រាប់យើងម្នាក់ៗ គឺកិត្តិយស ដើម្បីយើងទទួលបាននូវកិត្តិយស គឺយើងម្នាក់ៗ ត្រូវមានការទទួលខុសត្រូវដោយមនសិកា សម្បជញ្ញៈ ដោយអស់លោកជានាយទាហានធ្លាប់ទទួលបានការអប់រំបណ្តុះបណ្តាល និងហ្វឹកហ្វឺន ព្រមទាំងមានមុខតំណែងគ្រប់គ្រងបុគ្គលិកក្រោមឱវាទរួចហើយនោះ។
ចំពោះបញ្ហាវិន័យ សណ្តាប់ធ្នាប់ និងភារកិច្ចបង្រៀន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់ថា នាយទាហាន នាយទាហានរងគ្រប់រូប ទទួលខុសត្រូវដោយខ្លួនឯង ព្រោះក្រោយបញ្ចប់វគ្គបំប៉ននេះទៅនឹងក្លាយជាអ្នកគ្រប់គ្រង ជាគ្រួបង្រៀនគេហើយ ដូច្នេះយើងជាអ្នកដឹកនាំ ជាអ្នកគ្រប់គ្រង ជាអ្នកបញ្ជា ត្រូវតែមានសកម្មភាព ជាគំរូល្អជានិច្ច។
សូមជម្រាបថា តាមរបាយការណ៍គណៈកម្មការជ្រើសរើសពិនិត្យឃើញថា បេក្ខជនដែលជាប់មួយចំនួន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬមានជំនាញឯកទេស ដែលកងរាជអាវុធហត្ថ កំពុងត្រូវការដើម្បីបង្កើតល្បឿនធ្វើកំណែទម្រង់ តាមគំនិតផ្តួចផ្តើមនាយឧត្តមសេនីយ៍មេបញ្ជាការ អង្គប្រជុំអគ្គបញ្ជាការបានយល់ព្រមអនុញ្ញាតឲ្យមជ្ឈមណ្ឌលរៀបចំថ្នាក់រៀនជំនាញ សម្រាប់យោធិនទាំងនោះដើម្បីបំប៉ន ឬរំលឹកឡើងវិញនូវជំនាញដែលពួកគេបានរៀន ដើម្បីឲ្យពួកគេរៀនបានបញ្ចប់ រួមជាមួយការហ្វឹកហ្វឺនវគ្គទី៤៧ បញ្ចប់គឺចាត់បញ្ជូនពួកគេបំពេញក្របខ័ណ្ឌជំនាញ ដែលយើងកំពុងត្រូវការនៅតាមស្ថាប័ន កងឯកភាពតែម្តង។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងនូវការកោតសរសើរ គណៈកម្មការជ្រើសរើសនាទាហានរងនៃកងរាជអាវុធហត្ថ ស្នងការដ្ឋានកសាងកម្លាំង ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ស្នងការដ្ឋានភស្ភភារ ស្នងការដ្ឋានសម្ភារបច្ចេកទេស ការិយាល័យហិរញ្ញវត្ថុ ខុទ្ទកាល័យ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ព្រមទាំងនាយទាហាន មេបញ្ជាការរងទទួលជំនាញ មេបញ្ជាការ កងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ ដែលបានយកចិត្តទុកដាក់សហការគ្នាល្អ ទោះបីពុំទាន់ទទួលបានគោលរបប តែបានអនុវត្តបទបញ្ជាឲ្យប្រមូលកម្លាំងចូលតាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត រួចរាល់ ៕