អភិបាលខេត្តកំពង់ធំ៖ ការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី របស់ក្រុងស្ទឹងសែន គឺជាកត្តាសំខាន់ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការចៅសង្កាត់ និងមេភូមិ ក្នុងរចនាសម្ព័ន្ធ នៃរដ្ឋបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានថ្លែងថា ការងារសន្តិសុខ គឺជាការងារស្នូល ហើយការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី របស់ក្រុងស្ទឹងសែន គឺជាកត្តាសំខាន់ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកចូលរួមក្នុងការអភិវឌ្ឍ។
ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ការងារសន្តិសុខ ជាការងារស្នូលសម្រាប់សាលាក្រុងស្ទឹងសែន ដែលអាជ្ញាធរត្រូវតែយកចិត្តទុកដាក់ឱ្យបានគ្រប់ពេលវេលា ក្នុងការចុះជួយការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ នៅលើការងារនេះ រដ្ឋបាលក្រុង និងអាជ្ញាធរក្នុងមូលដ្ឋានត្រូវយកចិត្តទុកដាក់ រួមមាន៖ ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងការទប់ស្កាត់ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងនានាដែលមិនមានការអនុញ្ញាត។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍ របស់ខេត្តកំពង់ធំ។ សម្រាប់ភូមិសាស្ត្រក្រុងស្ទឹងសែន ការកសាងទំនប់ស្ទាក់ទឹកនៅកំពង់គោ ពិតជាមានសារៈប្រយោជន៍ជាណាស់ចំពោះបងប្អូនប្រជាកសិករ ដែលអាចអនុញ្ញាតឱ្យពួកគាត់អាចយកទឹកទៅស្រោចស្រពនៅដំណាំកសិកម្មពេញមួយឆ្នាំ ក៏ដូចជាទាក់ទាញទេសចរមកទស្សនាផងដែរ។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់អាជ្ញាធរក្នុងមូលដ្ឋានទាំងអស់ ចូលរួមឱ្យបានគ្រប់ៗគ្នា ក្នុងការតាក់តែងប្លង់គោលប្រើប្រាស់ដីធ្លីរបស់ក្រុងស្ទឹងសែននេះ សំដៅធ្វើយ៉ាងណាឱ្យអាជ្ញាធរគ្រប់លំដាប់ យល់ដឹងជ្រួតជ្រាបបានទាំងអស់គ្នា និងអនុវត្តរួមគ្នា ដើម្បីចូលរួមកសាងទីក្រុងស្ទឹងសែន ដែលជាក្បាលម៉ាស៊ីសេដ្ឋកិច្ចរបស់ខេត្តឱ្យមានការរីកចម្រើន និងមានចីរភាព ៕