កម្លាំងនគរបាលជំនាញចាប់ខ្លួនជនជាតិចិនម្នាក់ បញ្ជូនទៅតុលាការ ក្រោយធ្វើសកម្មភាពភ្ជង់ប្លន់ទ្រព្យសម្បត្តិពលរដ្ឋ
ភ្នំពេញ៖ ជនជាតិចិនម្នាក់ ត្រូវកម្លាំងនគរបាលជំនាញចាប់ខ្លួនក្រោយធ្វើសកម្មភាពប្រើអាវុធខ្លីភ្ជង់ប្លន់យកទូរសព្ទដៃ និងលុយរបស់ពលរដ្ឋ នៅចំណុចអគារដឹព្រីជដ៍ The Bridge បន្ទប់លេខ២៩២៣ ជាន់ទី២៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រតិ្តការនេះធ្វើឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ្វាង ស៊ីឈីង FANG SHI QING ភេទប្រុស ជនជាតិចិន ជាបុគ្គលិកហាងម៉ាស្សា SKY CITY។
ទោះយ៉ាងណា ក្រោយចប់ប្រតិបត្តិការសមត្ថកិច្ចបានឱ្យដឹងថា សម្ភាររបស់ជនរងគ្រោះដែលបាត់បង់ រួមមាន៖ ទូរសព្ទដៃ០២គ្រឿង និងលុយចំនួន៤០០ដុល្លារ ប៉ុន្តែជាក់ស្ដែងកម្លាំងជំនាញដកហូតបានតែម៉ូតូម៉ាក YAMAHA NOUVO ពាក់ស្លាកលេខ កំពង់ស្ពឺ ១C-១០៩៥ តែប៉ុណ្ណោះ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕