បណ្ឌិត កៅ គឹមហួន ចូលរួមវេទិកាវិនិយោគអាស៊ាន ប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងពិសាអាហារស្វាគមន៍សម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅរដ្ឋធានីវៀងច័ន្ទ
ភ្នំពេញ៖ តាមការអញ្ជើញរបស់ឯកឧត្តម Sonexay Siphandone ប្រធានអាស៊ានឆ្នាំ២០២៤ និងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងព្រឹត្តិការណ៍អមមួយចំនួន នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នៅព្រឹកថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សុន្ទរកថាបើក នៅក្នុងវេទិកាវិនិយោគអាស៊ានឆ្នាំ២០២៤។ វេទិកានេះ សំដៅបង្កើតការយល់ដឹងអំពីអាស៊ាន ជាគោលដៅវិនិយោគដ៏ទាក់ទាញ និងបង្កើនឱកាសវិនិយោគ តាមរយៈការបង្កើតបណ្តាញជាមួយអ្នកវិនិយោគដ៏មានសក្តានុពល និងប្រទេសផ្សេងៗទៀត។
នៅក្នុងសម័យបើកវេទិកានេះ ក៏មានការដាក់ចេញផែនការសកម្មភាពជំរុញការវិនិយោគតំបន់អាស៊ានឆ្នាំ២០២៥-២០៣០ ដែលជាផែនការសកម្មភាពដ៏ស្វាហាប់ និងគ្រប់ជ្រុងជ្រោយសម្រាប់ប្រទេសសមាជិកអាស៊ាន សហការគ្នាក្នុងការជំរុញការវិនិយោគ នៅទូទាំងតំបន់។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៤។ កិច្ចប្រជុំនេះ បានពិភាក្សាអំពីវឌ្ឍនភាព និងលទ្ធផលនៃគំនិតផ្តួចផ្តើមនានារបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេស ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូល និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេលខាងមុខ ក៏ដូចជា ការវិវត្តន៍ជាសកលពេលបច្ចុប្បន្ន ដោយផ្តោតលើការជាប់ពាក់ព័ន្ធ និងការជះឥទ្ធិពលដល់តំបន់។
នៅល្ងាចថ្ងៃដដែល ឯកឧត្តមបណ្ឌិតអគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមពិសាអាហារពេលល្ងាចស្វាគមន៍ចំពោះរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលរៀបចំដោយ លោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ មុនពេលកិច្ចប្រជុំជាបន្តបន្ទាប់ រហូតដល់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ៕