រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំបេក្ខជនប្រឡងបាក់ឌុប បង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរ ដោយត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន
ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ដោយត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។
យោងតាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានជូនពរក្មួយៗ ជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ សូមមានសុខភាពល្អ ការធ្វើដំណើរទៅមក ប្រកបដោយសុខសុវត្ថិភាព និងសូមឱ្យប្រឡងជាប់ ព្រមទាំងបាននិទ្ទេសល្អគ្រប់ៗគ្នា។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏សូមឱ្យក្មួយៗ ជាបេក្ខជនទាំងអស់ គោរពតាមគោលការណ៍ណែនាំនានាពាក់ព័ន្ធនឹងការប្រឡងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបទបញ្ជាផ្ទៃក្នុង ពិសេសលោកគ្រូ អ្នកគ្រូ ដែលជាអនុរក្ស ទាំងនៅក្នុងនិងក្រៅបន្ទប់ប្រឡង ឱ្យបានត្រឹមត្រូវ ចៀសវាងការប្រព្រឹត្តខុសណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រឡងរបស់ក្មួយៗ។
ជាមួយគ្នានេះដែរ បេក្ខជនទាំងអស់ នៅពេលដែលទទួលបាននូវវិញ្ញាសាប្រឡង សូមកុំប្រញាប់ប្រញាល់ធ្វើចម្លើយ ត្រូវពិនិត្យ និងអានឱ្យបានយល់ច្បាស់ ចៀសវាងការយល់ច្រឡំ បណ្តាលឱ្យថ្លោះធ្លោយខុសចម្លើយ ជាពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រប់ក្រដាសវិញ្ញាសា កុំឱ្យរហែក ឬប្រឡាក់ ដោយប្រកបណាមួយ។
ទន្ទឹមគ្នានេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា «ក្នុងការធ្វើដំណើរទៅមក ក៏សូមក្មួយៗបេក្ខជនទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ដោយត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវថែក្សាសុខភាពឱ្យបានល្អ ចៀសវាងការគ្រោះថ្នាក់ ឬឈឺថ្កាត់ ដោយយថាហេតុណាមួយ។ សូមជូនពរក្មួយៗ បេក្ខជនទាំងអស់ ប្រឡងជាប់ និងបាននិទ្ទេសល្អគ្រប់ៗគ្នា»។
សូមជម្រាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។
គួរបញ្ជាក់ដែរថា វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡង ត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗ មាន ៧ មុខវិជ្ជា។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសា ដែលត្រូវចែកជូនបេក្ខជន៕