អភិបាលខេត្តកំពង់ធំ ផ្តាំផ្ញើបេក្ខជនប្រឡងបាក់ឌុប ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អ
ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានធ្វើការផ្តាំផ្ញើដល់បេក្ខជនប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។
ក្នុងឳកាសអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ឯកឧត្តម អភិបាលខេត្ត បន្តថា សម្រាប់ដំណើរប្រឡងថ្ងៃទី១នេះ គឺដំណើរការប្រឡងបានពិនិត្យភាពបិទជិត ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ឯកឧត្តមបន្តទៀតថា ចំពោះបេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឱ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសា មុននឹងឆ្លើយត្រូវគិតត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងប្រកាន់យកនូវគោលការណ៍ «ចេះជាប់»។
ឯកឧត្តម អភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់មេត្តាបំពេញភារកិច្ច របស់ខ្លួន ក្នុងពេលប្រឡងរយៈពេល២ថ្ងៃនេះ ប្រកបដោយភាពជោគជ័យ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាននិទ្ទេសល្អគ្រប់ៗគ្នា ចំពោះបេក្ខជនដែលមកប្រឡង ប្រសិនបើសុខភាពមិនល្អសូមរាយការណ៍មកគណៈកម្មការអនុរក្សនៅក្នុងបន្ទប់ ដើម្បីផ្តល់ដំណឹងទៅគ្រូពេទ្យមកជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ខេត្តកំពង់ធំ ចំនួនសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សរុបចំនួន ៥,៦៥៨នាក់ ចែកចេញជា០២ក្រុម រួមមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ក្នុងនោះមានមណ្ឌលប្រឡងចំនួន ១៣មណ្ឌលផងដែរ៕