សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវ ៨ចំណុច ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ មនុស្សវ័យចាស់ឱ្យបានកាន់តែល្អប្រសើរឡើង
ភ្នំពេញ៖ តាមរយៈសារលិខិតក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ ដើម្បីលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ឱ្យបានកាន់តែល្អប្រសើរឡើង។
ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ មនុស្សវ័យចាស់ សម្ដេចបវរធិបតី បានធ្វើការអំពាវនាវ ចំនួន៨ចំណុចបន្ថែមទៀតដូចខាងក្រោម៖
១. គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ និងនៅពេលចុះបំពេញការងារតាមមូលដ្ឋាន សូមឆ្លៀតសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ជនចាស់ជរា ជាពិសេសជនចាស់ជរាពិការដែលមានការលំបាកនៅតាមសហគមន៍។
២. គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រប់អង្គការនានា សូមជួយបង្កលក្ខណៈងាយស្រួល ដល់សមាគមមនុស្សចាស់កម្ពុជាដែលមានស្រាប់ និងសូមជួយគាំទ្របន្តដល់ការអន្តរាគមន៍ជំរុញសកម្មភាពបង្កើត ជួយពង្រឹង និងពង្រីកសមាគមមនុស្សចាស់នៅតាមសហគមន៍មូលដ្ឋាន ដើម្បីបង្កើនស្មារតីសាមគ្គីជួយគា្នទៅវិញទៅមករវាងមនុស្សចាស់ទូទៅនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។
៣. កាកបាទក្រហមកម្ពុជា មូលនិធិស្ថានីយវិទ្យុនិងទូរទស្សន៍ ដៃគូអភិវឌ្ឍ សប្បុរសជន អង្គការមិនមែន រដ្ឋាភិបាលជាតិ និងអន្តរជាតិនានា សូមបន្តបង្កើនសកម្មភាពឧបត្ថម្ភគាំទ្រផ្នែកជំនួយមនុស្សធម៌ ទាំងស្បៀង សម្ភារៈ ថវិកា បច្ចេកទេសសម្រាប់ផ្តល់សេវាសុខុមាលភាពរបស់មនុស្សវ័យចាស់ ដែលបាន និងកំពុងជួបប្រទះការលំបាកទាំងផ្នែកជីវភាព និងសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។
៤. សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សូមបន្តយកចិត្តទុកដាក់ ផ្តល់ការអប់រំសីលធម៌ និងទំនៀមទម្លាប់ល្អៗដល់សិស្ស និស្សិតគ្រប់រូបឱ្យចេះគោរពចាស់ព្រឹទ្ធាចារ្យ និងចេះថែទាំមនុស្សចាស់ ដែលជាប្រពៃណីដ៏ល្អរបស់ប្រជាជាតិខ្មែរយើង។
៥. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញសម្រាប់មនុស្សចាស់ តាមរយៈកម្មវិធីលើកកម្ពស់ការយល់ដឹង និងការកសាងសមត្ថភាពជាពលរដ្ឋឌីជីថលសម្រាប់មនុស្សចាស់ និងជនងាយរងគ្រោះដទៃទៀត។
៦. គ្រប់គ្រួសារនៅតាមសហគមន៍នីមួយៗ សូមបន្តពង្រឹងនូវសីលធម៌ និងទំនៀមទម្លាប់ល្អរបស់ខ្មែរយើង ជាពិសេសត្រូវអប់រំកូនចៅ និងក្មេងជំនាន់ក្រោយឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា និងចេះគោរពព្រឹទ្ធាចារ្យ។
៧. សូមជនរួមជាតិយើងទាំងអស់ មេត្តារួមគ្នាជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹងឱ្យមានកន្លែងស្នាក់នៅបានសមរម្យតាមសហគមន៍នីមួយៗ ដោយអាចកសាងជាមណ្ឌល មនុស្សចាស់ ជាពិសេសនៅទីវត្តអារាម វិហារសាសនា ដែលអាចជួយផ្ដល់ជាទីជម្រក ឬអាហារ ទៅតាមលទ្ធភាពដែលអាចធ្វើបាន។
និង៨. គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងគ្រប់ភ្នាក់ងារព័ត៌មានផ្សេងៗទៀត សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវស្នាដៃ និងសមិទ្ធផលនានា ដែលមនុស្សវ័យចាស់បានបន្សល់ទុក សម្រាប់មនុស្សជំនាន់ក្រោយក៏ដូចជាសម្រាប់សង្គមជាតិទាំងមូល និងផ្សព្វផ្សាយសកម្មភាពនានា ដែលបង្ហាញអំពីការយកចិត្តទុកដាក់និងលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ នៅក្នុងសង្គមកម្ពុជាយើង។
សូមបញ្ជាក់ជូនថា ទិវាមនុស្សចាស់ឆ្នាំនេះ ត្រូវបានធ្វើឡើង ក្រោមប្រធានបទ «មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល” ដែលជាទិវាមួយសម្រាប់ រំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសកលលោក និងលើកកម្ពស់មនសិការ ទទួលខុសត្រូវរបស់យើងក្នុងការចូលរួមកសាងសង្គមជាតិមួយ ដែលមានការយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះ សុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ពិសេសចំពោះមនុស្សវ័យចាស់៕