លោកជំទាវ ឡោក ខេង៖ ការស្លាប់ ឬរស់ គឺជាការសម្រេចចិត្តនយោបាយ
ភ្នំពេញ៖ លោកជំទាវ ឡោក ខេង បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិនពិភាក្សានៅក្នុងកិច្ចពិភាក្សាទី៦ នៃសន្និសីទប្រចាំឆ្នាំរបស់វេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវវឌ្ឍ (AFPPD) ក្រោមប្រធានបទ «តួនាទីរបស់សមាជិកសភាក្នុងការឆ្លើយតបនឹងផែនការសកម្មភាព ICPD និងរបៀបវារៈការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០» រួមជាមួយនឹងវាគ្មិនជា តំណាងសភាប្រទេសនេប៉ាល់ និងតំណាងអង្គការ UNFPA ប្រចាំប្រទេស Papua New Guinea ផងដែរ។
លោកជំទាវបានបន្តថា «យើងនៅសល់រយៈពេលតិចជាង៦ឆ្នាំប៉ុណ្ណោះដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) និង ICPD30។ ហេតុនេះ ចូរយើងធ្វើការរួមគ្នាដើម្បីយកឈ្នះបញ្ហាប្រឈមចំពោះប្រជាជនរបស់យើង និងការអភិវឌ្ឍ។ មានតែកិច្ចសហប្រតិបត្តិការដែលមានលក្ខណៈសម្របសម្រួលគ្រប់កម្រិតប៉ុណ្ណោះ ទើបយើងអាចសម្រេចមហិច្ឆតារបស់យើងទាំងអស់គ្នាបាន»។
នៅក្នុងកិច្ចពិភាក្សានេះ លោកជំទាវ បានចែករំលែកអំពីសមិទ្ធផលសម្រេចបានក្នុងរយៈពេល៣០ឆ្នាំកន្លងមកនៅក្នុងការអនុវត្តផែនការសកម្មភាព ICPD ជាពិសេសសមិទ្ធផលគន្លឹះរបស់កម្ពុជា លើការកាត់បន្ថយអត្រាមរណភាពមាតា ការគ្រប់គ្រងជំងឺអេដស៍ និងជំងឺឆ្លងតាមរយៈផ្លូវភេទ ការវិនិយោគលើផែនការគ្រួសារ និងលទ្ធភាពទទួលបានមធ្យោបាយពន្យារកំណើតស្របតាមតម្រូវការ ព្រមទាំងការអប់រំស្ដីពីសុខភាព និងសិទ្ធិផ្លូវភេទ និងបន្តពូជ ជាដើម។
តាមរយៈសមិទ្ធផលទាំងនេះ លោកជំទាវ ក៏បានចែករំលែកអំពីឧត្តមានុវត្តន៍ និងបទពិសោធរបស់កម្ពុជា ក្នុងការតាមដាន និងអនុវត្តផែនការសកម្មភាព ICPD និង SDG ទាំងនៅក្នុងកម្រិតនីតិប្បញ្ញត្តិ និងកម្រិតនីតិប្រតិបត្តិ ពីព្រោះសភា និងរដ្ឋាភិបាល ចាំបាច់ត្រូវសហការគ្នាយ៉ាងជិតសិ្នទ្ធ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយគាំទ្រទាំងនោះ ឱ្យបានខ្ពស់ជាអតិបរមា៕