សន្និសីទប្រចាំឆ្នាំនៃវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជននិងកាអភិវឌ្ឍ បានអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងបាលី ដើម្បីឆ្លើយតបទៅនឹងបញ្ហាស្រ្តី យុវជន និងមនុស្សចាស់ ក្នុងបរិបទICPD30
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ កែសម្រួល និងអនុម័តទៅលើ «សេចក្ដីថ្លែងការណ៍របស់សមាជិកសភាអាស៊ីនៅកោះបាលី» ដើម្បីឆ្លើយតបទៅនឹងបញ្ហាស្រ្តី យុវជន និងមនុស្សចាស់ ក្នុងបរិបទICPD30 និងបញ្ហាពាក់ព័ន្ធនានា។
សេចក្ដីថ្លែងការណ៍នេះ គឺឯកសារដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់សមាជិកសភាមកពីបណ្ដាប្រទេសចំនួន១៨ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលកើតចេញពីលទ្ធផលរយៈ២ថ្ងៃ នៃសន្និសីទប្រចាំឆ្នាំ វេទិកាសមាជិកសភាអាស៊ី ដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) ធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
សេចក្ដីថ្លែងការណ៍នេះ មានសរុបចំនួន១២កថាខណ្ឌ ស្ដីពីការប្ដេជ្ញាចិត្តរបស់សមាជិកសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីសម្រេចបានផែនការសកម្មភាព ICPD30 និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមគោលការណ៍មិនទុកនរណាម្នាក់ចោល «Leaving no one behind» ឆ្លើយតបទៅនឹងការប្រែប្រួលប្រជាសាស្រ្ត។ ដំណោះស្រាយទៅនឹងបញ្ហាទាំងនេះ អាចធ្វើឡើង តាមរយៈការគិតគូរពីផលប៉ះពាល់នៃបរិស្ថាន សិទ្ធមនុស្ស ដោយពង្រឹងនិងជំរុញការអនុវត្តគោលនយោបាយ និងច្បាប់, លើកកម្ពស់សុខុមាលភាព និងការគ្របដណ្ដប់សុខភាពជាសាកល, លើកកម្ពស់សមភាពយេនឌ័រ, ការពារសិទ្ធិនិងសុខភាពផ្លូវភេទដែលមានគុណភាព និងស្របតាមតម្រូវការ, ផ្ដល់ភាពអង់អាចដល់ស្រ្តី យុវជន, និងការគាំពារដល់មនុស្សចាស់ តាមរយៈការវិភាជថវិកាឆ្លើយតប និងយន្តការជាតិរបស់សភានីមួយៗ ព្រមជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភាទាំងក្នុងតំបន់ និងអន្តរជាតិ។
ជាលទ្ធផល «សេចក្ដីថ្លែងការណ៍របស់សមាជិកសភានៅកោះបាលី» ត្រូវបានសម្រេចជាឯកច្ឆន្ទ និងអនុម័តដោយសមាជិកសភាទាំងអស់ដែលបានចូលរួមក្នុងសន្និសីទប្រចាំឆ្នាំនេះ៕