ប្រជាពលរដ្ឋមកពី៣ភូមិ ស្ថិតនៅស្រុកព្រះនេត្រព្រះ ជាង១០០នាក់ តវ៉ាហាមឃាត់មិនឱ្យមន្ត្រីជំនាញចុះវាស់វែងដីភូមិធ្វើប្លង់កម្មសិទ្ធិ បន្ទាប់ពីមន្ត្រីសូរិយោដីទាំងនោះ មិនព្រមចុះវាស់វែងបញ្ជីដីស្រែរបស់ពួកគាត់
ភ្នំពេញ៖ ប្រជាពលរដ្ឋមកពី៣ភូមិ ស្ថិតនៅឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ដែលមានគ្នាជាង១០០នាក់ បានតវ៉ាហាមឃាត់មិនឱ្យមន្ត្រីជំនាញចុះវាស់វែងដីភូមិធ្វើប្លង់កម្មសិទ្ធិ បន្ទាប់ពីមន្ត្រីសូរិយោដីទាំងនោះ មិនព្រមចុះវាស់វែងបញ្ជីដីស្រែរបស់ពួកគាត់ ដែលអាជ្ញាធរអះអាងថា ជាដី(អាង)កម្មសិទ្ធិរបស់រដ្ឋ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅឃុំឈ្នួរមានជ័យ នៅខេត្តបន្ទាយមានជ័យ ដីស្រែរបស់ប្រជាពលរដ្ឋ៣ភូមិខាងលើ មានទំហំ១៣៧ហិកតា ធ្លាប់បានអាស្រ័យផលតាំងពីសម័យរាស្គ្រនិយម និងបន្តមកដល់សម័យក្រោយរំដោះ៧មករា ត្រូវបានអាជ្ញាធរបែកចែកជូន និងអ្នកខ្លះទៀតទិញពីប្រជាពលរដ្ឋគ្នាឯងដែលបានអាស្រ័យផលយូរឆ្នាំមកហើយដូចគ្នា ដោយមានទាំងលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានភូមិឃុំទទួលស្គាល់ទៀត តែបែរជាមន្ត្រីជំនាញមិនព្រមចុះបញ្ជីដីស្រែទាំងនោះជូនពលរដ្ឋ និងបានអះអាងថា ជាដី[អាង] និងជាកម្មសិទ្ធិរបស់រដ្ឋទៅវិញ។
លោកមេឃុំឈ្នួរមានជ័យ បានបញ្ជាក់ថា ដីអាងដែលប្រជាពលរដ្ឋតវ៉ាមានទំហំ១៣៧ហិកតា មាន៣ភូមិប្រជាពលរដ្ឋចំនួន១២៨គ្រួសារ ដែលមានដូចជាភូមិសំរោងតូចចំនួន៤៩ហិកតា, ភូមិថ្មគោលចំនួន១២ហិកតា, និងភូមិបន្ទាត់បុស្សចំនួន៧៦ហិកតា។ ដីស្រែនេះដែរ គឺស្ថិតក្នុងដីចំណីអាង ដែលត្រូវបានក្រសួងជំនាញពាក់ព័ន្ធកំណត់ផែនទីថាជាដីរបស់រដ្ឋ ក្នុងនោះ ប្រសិនបើកសាងជាអាងធ្វើទំនប់ អាចនៅរដូវវស្សាប្រឈមមានការលិចលង់ និងប៉ះពាល់ប្រជាពលរដ្ឋនៅភូមិមួយចំនួនផ្នែកខាងលើខ្លះដែរ។
ដោយឡែក លោក ឃូ ពៅ អភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ថា ក្រោយប្រជាពលរដ្ឋតវ៉ាមិនឱ្យវាស់វែងដីភូមិ ព្រោះតែអាជ្ញាធរ និងមន្ត្រីជំនាញមិនចុះបញ្ជីដីស្រែក្នុងអាងនោះ ពេលនេះត្រូវបានអាជ្ញាធរសម្របសម្រួលដោះស្រាយជូនប្រជាពលរដ្ឋស្ងប់អារម្មណ៍ និងទទួលយកសំណើរបស់អាជ្ញាធរ គឺយល់ព្រមឱ្យមន្ត្រីជំនាញចុះវាស់ដីភូមិរបស់បងប្អូនប្រជាពលរដ្ឋ៥ខ្នង ដែលជាប់ផ្លូវបេតុងចំណីអាងហើយ។
ចំណែក អាជ្ញាធរស្រុក ក៏បានស្នើសុំទៅកាន់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីសុំទៅក្រសួង និងរាជរដ្ឋាភិបាល លើការចុះបញ្ជីដីស្រែខាងលើនេះ ជូនបងប្អូនប្រជាពលរដ្ឋទាំង៣ភូមិនោះរួចហើយដែរ តែយ៉ាងណា យើងក៏ត្រូវរង់ចាំបទបញ្ជាពីរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលជាមុនសិនផងដែរ៕