ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី
ភ្នំពេញ៖ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៦: ០០នាទី ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។
ថ្នាក់ដឹកនាំមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជាមានសេចក្តីរន្ធត់ចិត្តឥតឧបមាដោយបានទទួលដំណឹងថា ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ត្រូវជាស្វាមីលោកជំទាវ កែវ ស្រីពេជ្រ បានទទួលមរណភាព។
មរណភាពរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី គឺជាការបាត់បង់ ស្វាមី ឪពុក ឪពុកក្មេក ជីតា និងជីតាទួត ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃចំពោះ បុត្រា បុត្រី ចៅប្រុស ចៅស្រី និងជាការបាត់បង់ឥស្សរជនជាន់ខ្ពស់មួយរូបដែលមានគុណបំណាច់ដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ដែលបានលះបង់អស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតីបម្រើ និងបំពេញបេសកកម្មជូនជាតិ និងប្រជាជនក្នុងបុព្វហេតុលើកស្ទួយសុខុមាលភាពសង្គម និងវឌ្ឍនភាពសេដ្ឋកិច្ច សង្គម ព្រមទាំងចូលរួមការពារសុខសន្តិភាព ស្ថិរភាពរឹងមាំ ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ប្រទេសជាតិ។
ក្នុងឱកាសប្រកបដោយសេចក្តីខ្សឹកខ្សួលរំជួលចិត្តដ៏មហាក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យជាអនេកប្បការជាមួយលោកជំទាវ កែវ ស្រីពេជ្រ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕