រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញទទួលរក្សាហឹបសន្លឹកកិច្ចការបេក្ខជន ប្រឡងបាក់ឌុប នៅវិទ្យាល័យព្រះស៊ីសុវត្ថិ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះពិនិត្យការទទួលរក្សាហឹបសន្លឹកកិច្ចការរបស់បេក្ខជន នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបាននិងកំពុងដឹកមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ជាបណ្ដើរៗ។
ហឹបសន្លឹកកិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡង ត្រូវបានត្រួតពិនិត្យដោយហ្មត់ចត់បំផុតពី គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត អប្បមាទទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបន្តដំណើរការកំណែ។
តាងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានី-ខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស ក្រសួង ស្ថាប័នចំនួន ៦ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមសហការយ៉ាងយកចិត្តទុកដាក់ និងជំរុញឱ្យដំណើរការប្រឡងនេះ ប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”៕