អគ្គនាយកពន្ធនាគារ អញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ ជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី១
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ជនជាប់ឃុំ សរុប២១០នាក់ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមណ្ឌល ប្រធានពន្ធនាគាររាជធានី ខេត្ត និងតំណាងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ តំណាងអង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារ (PFC) និងតំណាងអង្គការ CRS រួមទាំងថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធ និងជនជាប់ឃុំជាសិក្ខាកាមជាច្រើនរូប។
ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារ (PFC) និងអង្គការ CRS ដែលបានជួយ ឧបត្ថម្ភគាំទ្រលើការងារវិស័យពន្ធនាគារ ជាពិសេស ការលើកកម្ពស់ការងារអប់រំកែប្រែ ការបណ្តុះ បណ្តាលវិជ្ជាជីវៈមុខរបរ និងការស្តារនីតិសម្បទាជនជាប់ឃុំ ដើម្បីប្រែក្លាយជាមនុស្សល្អ ចំណេះជំនាញ ជាក់ស្តែងនាពេលនេះ បានបើកវគ្គលើមុខជំនាញតបណ្តាញ អគ្គិសនីក្នុងអគារ ជួសជុលថែទាំបរិក្ខាត្រជាក់ ដុតនំ និងជំនាញឆុងកាហ្វេ។
ឯកឧត្តមអគ្គនាយក បានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
ទី១-ត្រូវបន្តពង្រឹងក្រុមគ្រូបង្គោលនៅនាយដ្ឋានជំនាញ និងនៅតាមមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី-ខេត្ត ប្រកបដោយគុណភាព និងសមត្ថភាពវិជ្ជាជីវៈ។
ទី២-សិក្សាពិសោធន៍ ដោយត្រូវរៀបចំជ្រើសរើសកម្មវិធីបណ្តុះបណ្តាលជំនាញឱ្យបាន សមស្របនឹងបរិបទការងារ ឬតម្រូវការទីផ្សារការងារនៅក្នុងសហគមន៍។
៣-ត្រូវជំរុញលើកទឹកចិត្តដល់ជនជាប់ឃុំ ឲ្យស្ម័គ្រចិត្តចូលរួមកម្មវិធីបណ្តុះបណ្តាល ពិសេស អ្នកបានឆ្លងកាត់វគ្គបណ្តុះបណ្តាល ឲ្យបានយល់អំពីអត្ថប្រយោជន៍ នៃជំនាញ វិជ្ជា ជីវៈដើម្បីប្រកបមុខរបរនៅពេលវិលទៅសហគមន៍វិញ។
ទី៤-សិក្ខាកាមដែលបានចូលរួមការបណ្តុះបណ្តាលគ្រប់កម្មវិធីនីមួយៗ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ យកជំនាញដែលទទួលបានទាំងនេះទៅស្វែងរកការងារធ្វើ ឬចាប់ផ្តើមអាជីពសម្រាប់ខ្លួន នៅពេលត្រូវបានដោះលែង ចូលក្នុងសហគមន៍វិញ។
សូមបញ្ជក់ផងដែរថា ជនជាប់ឃុំជាសិក្ខាកាមសរុប ២១០នាក់ ស្រី៧០នាក់ មកពីមណ្ឌលអប់រំកែប្រែទី១ ទី២ និងពន្ធនាគាររាជធានីភ្នំពេញ នឹងទទួលបានការបណ្តុះបណ្តាលលើ៤មុខជំនាញដូចជា៖
-តបណ្តាញអគ្គិសនីក្នុងអគារ
-ជួសជុលថែទាំបរិក្ខាត្រជាក់
-ដុតនំ និងជំនាញឆុងកាហ្វេ ៕