យោធិន ៤២៣រូប នៃកងពលធំអន្តរាគមន៍លេខ២ បានដាក់ចូលនិវត្តន៍ ក្នុងឆ្នាំ២០២៤
ភ្នំពេញ៖ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ បានប្រារព្ធពិធី សំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសជូនដល់យោធិនចូលសោធននិវត្តន៍ ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ។
ដោយមានការអញ្ជើញចូលរួម របស់ លោកឧញ៉ា ឈុន វ៉ាន់ឌី អគ្គនាយករងក្រុមហ៊ុន កម្ពុជា តេលា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧញ៉ា ឈុន អូន អគ្គនាយក ក្រុមហ៊ុន កម្ពុជា តេលា ផងដែរ។
ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សុខ សាន្ត មេបញ្ជាការរង នាយសេនាធិការ កងពលធំអន្តរាគមន៍លេខ២ បានអានមតិស្វាគមន៍ ដល់អង្គពិធី ។
លោកឧត្ដមសេនីយ៍ត្រី រ័ត្ន ស៊ីថា នាយការិយាល័យទី១ កងពលធំអន្តរាគមន៍លេខ២ អានព្រះរាជក្រឹត្យ អនុក្រឹត្យ និងសេចក្ដីប្រកាស ដោយ បានគូសបញ្ជាក់ថា÷យោធិន នៃកងពលធំអន្តរាគមន៍លេខ២ ដែលបានដាក់ចូលនិវត្តន៍ក្នុងឆ្នាំ២០២៤ នេះសរុប មានចំនួន ៤២៣រូប ក្នុងនោះ ថ្នាក់ឧត្ដមសេនីយ៍ទោ ៧រូបថ្នាក់ឧត្ដមសេនីយ៍ត្រី ៧រូប ថ្នាក់វរសេនីយ៍ឯក ១០រូប ថ្នាក់វរសេនីយ៍ទោ២២ រូប ថ្នាក់វរសេនីយ៍ត្រី២៨ រូប ថ្នាក់អនុសេនីយ៍ឯក៣៨ រូប ថ្នាក់អនុសេនីយ៍ទោ ២៤រូប ថ្នាក់អនុសេនីយ៍ត្រី ៥៩រូប ថ្នាក់នាយចំណង់ ១០១ រូប ថ្នាក់ព្រិន្ទបាលឯក ៨៥រូប ព្រិន្ទបាលទោ ១៩រូប ថ្នាក់ពលបាលឯក ២០រូប និងថ្នាក់ពលបាលទោ ៣រូប។
លោក រ័ត្ន ស៊ីថា បានបញ្ជាក់ទៀតថា÷យោធិនទាំង ៤២៣រូប ត្រូវបានបំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា មានថ្នាក់មហាសិរីវឌ្ឍន៍ ៥គ្រឿង ថ្នាក់មហាសេថ្នានា ២គ្រឿង ថ្នាក់ធិបឌិន្ទ ៧គ្រឿង ថ្នាក់សេនា ០៤គ្រឿង ថ្នាក់អស្សឬទ្ធិ ៣៨៩គ្រឿង និងថ្នាក់សេនាជ័យសិទ្ធ១៥។
ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ពិសេសការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ បងប្អូនយោធិនចូលសោធននិវត្តន៍ទាំងអស់ និងក្រុមគ្រួសារ។
ឯកឧត្តម ក៏បានមានប្រសាសន៍ បន្តទៀតថា៖យោងតាមច្បាប់ របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការកងទ័ពជើងគោក យោធិន គ្រប់អាយុចូលនិវត្តន៍ ត្រូវផ្ទេរពីកងទ័ពទៅរស់នៅស្ថាប័នស៊ីវិល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការកែទម្រង់ របស់កងយោធពលខេមរភូមិន្ទ ក្នុងនោះ ឯកឧត្តមក៏បានលើកឡើងអំពីគុណបំណាច់ និងស្នា ដៃរបស់បងប្អូនយោធិន ដែលបានរួមចំណែកក្នុងភារកិច្ច ការពារជាតិ មាតុភូមិ និងកសាងអភិវឌ្ឍន៍អង្គភាពបាន រីកចំរើនលើគ្រប់វិស័យ។
ឯកឧត្តមក៏បានផ្តាំផ្ញើរ ដល់បង ប្អូនយោធិនចូលនិវត្តន៍ទាំងអស់ពេលទៅរស់នៅមូលដ្ឋានត្រូវយកចិត្តទុកដាក់គោរពអនុវត្តន៍ច្បាប់របស់រដ្ឋចូលរួម ចំណែកក្នុងការកសាងភូមិ ឃុំ រឹងមាំ រីកចំរើន ឆ្លើយតបទៅតាមគោលនយោបាយភូមិ ឃុំមានសុវត្ថភាព របស់រាជ រដ្ឋាភិបាល។
ជាចុងក្រោយ ឯកឧត្តម បានមានប្រសាសន៍ទៅកាន់បងប្អូនយោធិនចូលនិវត្តន៍ ដោយលើកឡើងអំពីការផ្សាភ្ជាប់មនោសញ្ចេតនាគោរពរាប់អាន និងបន្តទំនាក់ទំនងជាប់ជាប្រចាំរវាងអង្គភាព និងបងប្អូន។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី បាននាំយកនូវថវិកា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
ចំនួន ៨៤,៦០០,០០០ រៀល
-ក្រុមហ៊ុន កម្ពុជា តេលា ចំនួន ៤២,៥០០,០០០ រៀល
-ក្រុមហ៊ុន លឹម ហេងគ្រុប ចំនួន១៣,០០០,០០០រៀល
-កងពលធំអន្តរាគមន៍លេខ២ ចំនួន ៤២,៣០០,០០០រៀល
ជូនដល់យោធិន ៤២៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៤៣០,០០០ ម៉ឺនរៀល ៕