ឯកឧត្តម ម៉ៅ ច័ន្ទតារា ដឹកនាំប្រជុំប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នាថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ នៅតាមបណ្ដារាជធានី-ខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក-អគ្គនាយករង លោក លោកស្រីជាប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ពិធីនេះរៀបចំឡើងដោយលេខាធិការដ្ឋាន គ.ភ.ឃ.ស ក្នុងគោលបំណងបង្ហាញនូវខ្លឹមសារ និងពិភាក្សាចំនុចសំខាន់ៗនៃផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ ដែលបានរៀបចំឡើងស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណិត្តទី៧ ផែនការយុទ្ធសាស្រ្តរបស់ក្រសួងមហាផ្ទៃ និងឯកសារពាក់ព័ន្ធសម្រាប់គាំទ្រ ការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃ ព្រមទាំងការរៀបចំរបាយការណ៍នានាស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» តាមបណ្តារាជធានី-ខេត្ត ដើម្បីជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាក្រុមការងារចុះផ្សព្វផ្សាយដល់រដ្ឋបាលថ្នាក់ក្រោមជាតិ៕