ទេសរដ្ឋមន្រ្តី លី ធុជ ជួបពិភាក្សាការងារជាមួយ នាយករងផ្នែកវិបត្តិនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ជួបពិភាក្សាការងារជាមួយ លោកស្រី Shoko Noda នាយករងផ្នែកវិបត្តិនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅទីស្នាក់ការអង្គការសហប្រជាជាតិ បុរីញូវយ៉ក សហរដ្ឋអាមេរិក។
ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ សម្រាប់ការគាំទ្រភាពជាប្រធាន និងម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់រៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដែលបានគាំទ្រដល់ការអភិវឌ្ឍ និងគោលនយោបាយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា រួមទាំងវិស័យសកម្មភាពមីនក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យ UNDP បន្ថែមការគាំទ្រដល់វិស័យសកម្មភាពមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។
ជាការឆ្លើយតប លោកស្រី Shoko Noda បានបញ្ជាក់ពីការតាំងចិត្តរបស់ UNDP ដើម្បីបន្តរួមចំណែកគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ៕