ឯកឧត្ដម សូ ណារ៉ូ៖ តាមមរយៈកិច្ចប្រជុំកំពូលអាស៊ាននៅឡាវ មហាគ្រួសារអាស៊ាន កាន់តែជិតស្និទ្ធជាមួយគ្នា
ភ្នំពេញ៖ ឯកឧត្ដម សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការអាស៊ាន បានបញ្ជាក់ថា មរយៈកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ នៅប្រទេសឡាវ មានខ្លឹមសារល្អ ហើយមហាគ្រួសារអាស៊ាន កាន់តែជិតស្និទ្ធជាមួយគ្នា ហើយគណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទទួលជោគជ័យ យ៉ាងធំធេងក្នុងការធ្វើដំណើរចូលរួមកិច្ចប្រជុំនៅប្រទេសឡាវ។
ក្នុងសន្និសីទសារព័ត៌មាន ក្រោយប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញនោះ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្ដម សូ ណារ៉ូ បានបញ្ជាក់ថា តាមការអញ្ជើញរបស់ឯកឧត្ដម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីឡាវ និងជាអាស៊ានប្រធានប្តូរវេន គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងវៀងចន្ទន៍។ប្រទេសឡាវ ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
បើតាមឯកឧត្ដម សូ ណារ៉ូ បានថ្លែងថា សម្រាប់កិច្ចប្រជុំនេះ អាស៊ាន មាននាយករដ្ឋមន្ត្រីថ្មីចំនួន២នាក់ បានចូលរួម គឺនាយករដ្ឋមន្ត្រីសិង្ហបុរី និងនាយករដ្ឋមន្ត្រីថៃ ដោយឡែកសម្រាប់កៅអីទំនេររយៈពេល៣ឆ្នាំ របស់ប្រទេសមីយ៉ាន់ម៉ា គឺមានតំណាងចូលរួម ប៉ុន្តែជាតំណាងមិនមែននយោបាយ។កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ បានធ្វើឡើងក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់របស់អាស៊ាន» ដោយថ្នាក់ដឹកនាំអាស៊ាន បានពិនិត្យឡើងវិញនូវការរីកចម្រើននៃការកសាងសហគមន៍អាស៊ាន ផ្តោតទៅលើសសរស្តម្ភទាំង ៣ គឺសហគមន៍នយោបាយ សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍វប្បធម៌សង្គមអាស៊ាន ព្រមទាំងកំណត់ទិសដៅអនាគតសម្រាប់តំបន់រយៈពេល២០ឆ្នាំ ទៅមុខទៀត។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ សម្តេចមហាបវរធិបតី បានអញ្ជើញចូលរួមក្នុងជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ជំនួបថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងនៃក្រុមប្រឹក្សាធុរកិច្ច អាស៊ាន (ASEAN-BAC) ជំនួបថ្នាក់ដឹកនាំអាស៊ានជា មួយតំណាងនៃយុវជនអាស៊ាន និងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) លើកទី២។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណេត ក៏បានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនទៀត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕