បេសកកម្ម ៤ថ្ងៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅលើទឹកដីឡាវ ទទួលបានសមិទ្ធផលយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍មក ដល់រាជធានីភ្នំពេញវិញ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២៤។
បេសកកម្មរយៈពេល៤ថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជំនួបពិភាក្សាទ្វេភាគី និងត្រីភាគី ជំនួបសំណេះសំណាល ក្រៅផ្លូវការជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលនៃស្ថាប័នតំបន់ និងអន្តរជាតិ និងជំនួបសម្តែង ការគួរសមជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួនជាង៣០។ បេសកកម្មរយៈពេល៤ថ្ងៃនេះដែរ ទទួលបានសមិទ្ធផលយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិ និងប្រជាជន ។
ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៖ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» ក្រោមអធិបតីភាពរបស់ ឯកឧត្តម Thongloun Sisoulith ប្រធានរដ្ឋឡាវ។ ជំនួបរវាងប្រមុខដឹកនាំអាស៊ាននិងតំណាងអន្តរសភាអាស៊ាន ជំនួបរវាងប្រមុខដឹកនាំអាស៊ាននិងតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ជំនួបរវាងប្រមុខដឹកនាំអាស៊ាននិងតំណាងយុវជនអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៧ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៧ កិច្ចប្រជុំកំពូលអាស៊ានបូក៣ (ចិន ជប៉ុន កូរ៉េ) លើកទី២៧ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី៤ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី២១ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក លើកទី១២ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៩ កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១៤ កិច្ចប្រជុំប្រមុខដឹកនាំនៃប្រទេសសមាជិក សហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ី លើកទី២ និងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីប្រគល់តំណែងប្រធានអាស៊ានទៅប្រទេសម៉ាឡេស៊ី។
ក្របខ័ណ្ឌនយោបាយ និងការទូត៖ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានទទួលបដិសណ្ឋារកិច្ច ប្រកបដោយកិត្តិយស ពីឥស្សរជនជាន់ខ្ពស់ នៅអាកាសយានដ្ឋានអន្តរជាតិវ៉ាតី រដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ មុននឹងអញ្ជើញទទួលស្វាគមន៍និងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជំនួបពិភាក្សា ទ្វេភាគី ត្រីភាគី ជាមួយប្រមុខរដ្ឋាភិបាល រួមមាន៖
ជំនួបទ្វេភាគីកម្ពុជា-ឡាវ៖ នាយករដ្ឋមន្ត្រីទាំងពីរ បានសម្តែងការពេញចិត្តចំពោះចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលត្រូវបានដំឡើងកម្រិតទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ និងយូរអង្វែងនៅឆ្នាំ២០១៩។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពគ្នាជំរុញការផ្លាស់ប្តូរ ទស្សនកិច្ចគ្រប់ជាន់ថ្នាក់ និងការប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកនានា។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានបង្ហាញបំណងរៀបចំកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឡាវ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលឆាប់ៗខាងមុខនេះ។ ពាក់ព័ន្ធវិស័យ ពាណិជ្ជកម្ម និងទេសចរណ៍ ភាគីទាំងពីរបានពិភាក្សាពីមធ្យោបាយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដើម្បីសម្រេច បាននូវសក្តានុពលពេញលេញ ជាពិសេសតាមរយៈការរៀបចំឡើងវិញនូវកិច្ចប្រជុំគណៈកម្មាធិការចម្រុះពាណិជ្ជកម្ម និងបានឯកភាពពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីសម្រួលដល់ការនាំចេញផលិតផលដែ មានសក្តានុពល និងជំរុញរំហូរទេសចររវាងប្រទេសទាំងពីរ។ ចំពោះកិច្ចសហប្រតិបត្តិការថាមពល ភាគីទាំងពីរ បានសង្កត់ធ្ងន់អំពីសារសំខាន់នៃសន្តិសុខថាមពល និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ព្រមទាំងរិះរកមធ្យោបាយពង្រីក ការផ្គត់ផ្គង់ថាមពលបៃតងរវាងប្រទេសពីរនិងតំបន់ ដែលអាចចូលរួមចំណែកដល់ការអភិវឌ្ឍបណ្តាញអគ្គិសនីអាស៊ាន។
ជំនួបត្រីភាគីកម្ពុជា-ឡាវ-វៀតណាម៖ ប្រមុខរដ្ឋាភិបាលកម្ពុជា-ឡាវ-វៀតណាម បានគូសបញ្ជាក់អំពី សារសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ប្រមុខរដ្ឋាភិបាលទាំងបី ក៏បានចែករំលែក បទពិសោធអំពីការអភិវឌ្ឍប្រទេសរៀងៗខ្លួន និងបានគូសបញ្ជាក់ពីសារសំខាន់នៃការបន្តការជួបប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន វិស័យសេដ្ឋកិច្ចនិងវិនិយោគ ការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ការពារជាតិ និងសន្តិសុខ ព្រមទាំងការអប់រំនិងបណ្តុះបណ្តាល ជាដើម។ នាយករដ្ឋមន្ត្រី ទាំងបី ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់មួយចំនួន រួមទាំងដំណើរការកសាងសហគមន៍អាស៊ាន។
ជំនួបទ្វេភាគីកម្ពុជា-ថៃ៖ ភាគីទាំងពីរ បានឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត រួមមាន ការចាប់ផ្តើមឡើងវិញនូវកិច្ចប្រជុំយន្តការទ្វេភាគីមួយចំនួន ការសិក្សាអំពីលទ្ធភាពនៃ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ដើម្បីផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ ការតភ្ជាប់រវាងប្រជាជននិងប្រជាជន វិស័យទេសចរណ៍ ការពារជាតិ និងសន្តិសុខ ជាដើម។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរ ដោយ ក្រសួងការបរទេសនៃប្រទេសទាំងពីរនឹងសម្របសម្រួលកិច្ចពិភាក្សាបន្តពាក់ព័ន្ធនឹងប្រធានបទខាងលើ ព្រមទាំង រៀបចំឱ្យមានសកម្មភាពមួយចំនួនដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ថៃ នាឆ្នាំ២០២៥។ ភាគីទាំងពីរបានស្វាគមន៍ចំពោះជោគជ័យនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍លើកទី៣ កាលពីខែកក្កដាកន្លងទៅ នៅទីក្រុងបាងកក និងចំពោះទស្សទាន «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ» ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យកាន់តែច្រើនទៅកាន់ប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញ ឱ្យស្ថាប័នពាក់ព័ន្ធពន្លឿនគម្រោងកិច្ចសហប្រតិបត្តិការនិងការពិគ្រោះយោបល់ដើម្បីសម្រួលការដោះដូរពាណិជ្ជកម្ម ឆ្លងដែន ការជំរុញទេសចរណ៍ និងការកសាងភាពបំពេញឱ្យគ្នាទៅវិញទៅមក។
ជំនួបទ្វេភាគីកម្ពុជា-នូវែលសេឡង់៖ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសក្តានុពល មួយចំនួន រួមមាន វិស័យអប់រំ កសិកម្ម ថាមពល ពាណិជ្ជកម្ម ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដោយ ក្រសួងការបរទេសនៃប្រទេសទាំងពីរពិនិត្យលទ្ធភាពបង្កើតជាផ្លូវការនូវយន្តការពិគ្រោះយោបល់ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗនេះ។ ប្រមុខរដ្ឋាភិបាលទាំងពីរបានបង្ហាញឆន្ទៈ ក្នុងការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត ជាពិសេសលើវិស័យកសិកម្ម និងការបង្កើនកិច្ចសហប្រតិបត្តិការលើ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្តល់អាហារូបករណ៍ដល់និស្សិត កម្ពុជាទៅសិក្សានៅប្រទេសនូវែលសេឡង់។ នាយករដ្ឋមន្ត្រីទាំងពីរទទួលស្គាល់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា នូវែលសេឡង់នៅមានសក្តានុពលដែលអាចពង្រីក និងបានឯកភាពជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ លើកទឹកចិត្តសហការធុរកិច្ចលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងថាមពលស្អាត។
ជំនួបទ្វេភាគីកម្ពុជា-កាណាដា៖ ឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានជម្រាបជូន សម្តេចធិបតី ថា កាណាដាគ្រោងនឹងបើកស្ថានឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជា នាពេលឆាប់ៗខាងមុខ ខណៈ កម្ពុជាក៏នឹងគ្រោងបើកស្ថានឯកអគ្គរាជទូតនៅប្រទេសកាណាដាផងដែរ ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យការទូត។ ចំពោះទំនាក់ទំនងលើវិស័យពាណិជ្ជកម្មវិញ កាណាដានឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្មមកបំពេញទស្សនកិច្ច នៅកម្ពុជា ដើម្បីជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ អំពីការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្ម ទ្វេភាគី ដោយប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត។ កាណាដា គឺជាដៃគូពាណិជ្ជកម្មទ្វេភាគី លំដាប់ទី៧ របស់កម្ពុជា ដោយបានបង្កើតការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់យុវជន ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ជំនួបទ្វេភាគីកម្ពុជា-ចិន៖ ឯកឧត្តម Li Qiang នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា រដ្ឋាភិបាលចិន នឹងផ្តល់ជំនួយឥតសំណង ចំនួន ៣០០លានយ័ន ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ជាមួយគ្នានេះ ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ ច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀតមកកាន់ទីផ្សារចិន។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលសម្រេចបាននូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបញ្ជាក់សាជាថ្មី អំពីការប្តេជ្ញាធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកសាងនូវសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ទន្ទឹមនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាព បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន វិស័យថាមពលស្អាត ការកសាងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ភាគីចិនបានបញ្ជាក់សាជាថ្មីនូវការគាំទ្រឥតងាករេចំពោះកម្ពុជា ក្នុងជម្រើសមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន។ ទន្ទឹមគ្នានេះ ភាគីទាំងពីរបានបញ្ជាក់ ឡើងវិញនូវកិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់និងពហុភាគី។
ជំនួបទ្វេភាគីកម្ពុជា-លុចសំបួ៖ ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការពង្រឹងនិង ពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យទេសចរណ៍ ធនាគារនិងហិរញ្ញវត្ថុ បច្ចេកវិទ្យាឌីជីថល ការបោសសម្អាតមីន សុខាភិបាល និងអប់រំ ជាដើម។
ក្រៅពីនេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏មានជំនួបសំណេះសំណាលក្រៅផ្លូវការជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលនៃស្ថាប័នតំបន់ និងអន្តរជាតិ រួមមាន ឯកឧត្តម Yoon Suk-Yeol ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាសហគមន៍អឺរ៉ុប ឯកឧត្តម Thongloun Sisoulith ប្រធានរដ្ឋឡាវ ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah Mu’izzaddin Waddaulah ព្រះមហាក្សត្រព្រុយណេដារូសាឡាម និងព្រះអង្គម្ចាស់ Abdul Mateen ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី និងឯកឧត្តម Antony J. Blinken រដ្ឋមន្ត្រីក្រសួងការ បរទេសសហរដ្ឋអាម៉េរិក។
ក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ សម្តេចធិបតី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ច ប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៤ ដោយបានបង្ហាញពីសក្តានុពលវិនិយោគដ៏សំបូរបែបរបស់កម្ពុជា ដែលរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាតែងឈរនៅលំដាប់ខ្ពស់ក្នុងចំណោមបណ្តាប្រទេស មានការអភិវឌ្ឍតិចតួច ក្នុងការទទួលបានការវិនិយោគពីបរទេស។ សម្តេចធិបតី ក៏បានបង្ហាញពីកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីក និងការធ្វើពិពិធកម្មទីផ្សារ និងកាលានុវត្តភាពការនាំចេញ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយសាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ អេមីរ៉ាត់ អារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ជាមួយនឹងប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗ ពី សហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ចិន អូស្ត្រាលី នូវែលសេឡង់ ជប៉ុន ស្វីស និងកាណាដា ជាដើម។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានអនុញ្ញាតឱ្យមានជំនួបសម្តែងការគួរសម រួមមាន ជំនួបជាមួយ Tan Sri Nazir Razak ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-ម៉ាឡេស៊ី ឯកឧត្តម Kenji Okamura អនុប្រធានគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Jin Liqun ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានធនាគារ Asian Infrustructure Investment និងលោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក ជាដើម។
ក្នុងឱកាសរួមដំណើរជាមួយ សម្តេចធិបតី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនោះដែរ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្រាប់ភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃ បណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូអាស៊ាន។ ក្នុងនោះ លោកជំទាវបណ្ឌិត បានអញ្ជើញទស្សនាសារមន្ទីរសិល្បៈ ឡាវ ទស្សនាការតាំងពិព័រណ៌សូត្រ ទស្សនាកន្លែងតាំងពិព័រណ៌វាយនភណ្ឌឡាវ និងអញ្ជើញចូលរួមពិធីជប់លៀង អាហារថ្ងៃត្រង់រៀបចំដោយលោកជំទាវទី១ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។
គួរកត់សម្គាល់ថា នេះជាដំណើរបេសកកម្មការងារនៅក្រៅប្រទេស លើកទី១៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ។ សម្តេចធិបតី ធ្លាប់បានបំពេញបេសកកម្មការទូតប្រកបដោយមហាជោគជ័យក្នុងតំបន់អាស៊ី អាម៉េរិក អឺរ៉ុប និង មជ្ឈិមបូព៌ា។ បេសកកម្មនៅប្រទេសឡាវរបស់ សម្តេចធិបតី នាពេលនេះ ក៏បាននាំមកនូវសមិទ្ធផលថ្មីៗជាច្រើន បន្ថែមទៀតដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ និងក៏បានបង្ហាញពីភាពជាមេដឹកនាំដ៏ ប៉ិនប្រសប់ និងមានសមត្ថភាពខ្ពស់ដែលបាននិងកំពុងលើកស្ទួយកិត្យានុភាពជាតិកម្ពុជានៅលើឆាកតំបន់ និង អន្តរជាតិ។ សមត្ថភាពដឹកនាំដ៏លេចធ្លោទាំងនយោបាយក្នុងស្រុកនិងការទូតរបស់ សម្តេចធិបតី បាននាំមកនូវ សមិទ្ធផលធំធេងសម្រាប់ប្រទេសជាតិនិងប្រជាជន និងក៏ជាទឡ្ហីករណ៍ច្បាស់លាស់ក្នុងការបង្កើនជំនឿជឿជាក់ របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសចំពោះអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
ខាងក្រោមនេះជាអត្ថបទសំខាន់ៗក្នុងដំណើរបំពេញបេសកកម្មរយៈពេល៤ថ្ងៃ នៅទឹកដីប្រទេសឡាវ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
១.កម្ពុជា-ឡាវ ពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ
https://www.hotnews-asia.com/detail/394096
២.កម្ពុជា-ឡាវ នឹងលើកកម្ពស់ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង
https://www.hotnews-asia.com/detail/394488
៣.កម្ពុជា-ឡាវ-វៀតណាម គូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
https://www.hotnews-asia.com/detail/394652
៤.IMF នឹងបន្តនូវភាពជាដៃគូដ៏ល្អជាមួយកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់
https://www.hotnews-asia.com/detail/394982
៥.ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ានម៉ាឡេស៊ី៖ កម្ពុជាជាប្រទេសតូច តែមានសក្ដានុពលខ្ពស់ ជាពិសេសខាងវិស័យទេសចរណ៍
https://www.hotnews-asia.com/detail/394981
៦.ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់មានសារៈសំខាន់សម្រាប់ធានានូវកំណើនចីរភាព
https://www.hotnews-asia.com/detail/394991
៧.ធនាគារពិភពលោក នឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា
https://www.hotnews-asia.com/detail/394998
៨.កម្ពុជា-ថៃ ឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាទៀត
https://www.hotnews-asia.com/detail/395029
៩.ក្រសួងការបរទេស ប្រកាសលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង ៤៥ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ
https://www.hotnews-asia.com/detail/395088
១០.នាយករដ្ឋមន្ត្រីកម្ពុជា-នូវ៉ែលសេឡង់ បង្ហាញពីឆន្ទៈជំរុញ និងបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ
https://www.hotnews-asia.com/detail/395396
១១.សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត អញ្ជើញចូលរួមពិធីលាងសាយភោជន៍ កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំដោយនាយករដ្ឋមន្ត្រីឡាវ
https://www.hotnews-asia.com/detail/395692
១២.រដ្ឋាភិបាលចិនផ្ដល់ជំនួយឥតសំណងចំនួន ៣០០លានយ័ន ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
https://www.hotnews-asia.com/detail/395699
១៣.កាណាដា នឹងបើកស្ថានទូតនៅភ្នំពេញ នាពេលឆាប់ៗខាងមុខ
https://www.hotnews-asia.com/detail/395714
១៤.ក្រសួងការបរទេស ប្រកាសលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៧ និងកិច្ចប្រជុំកំពូលអាស៊ានជាមួយប្រទេសដៃគូ និងកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៧
https://www.hotnews-asia.com/detail/395757
១៥.លោកសាស្ត្រាចារ្យ Klaus Schwab អញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ប្រចាំឆ្នាំ២០២៥
https://www.hotnews-asia.com/detail/395780
១៦.កម្ពុជា-លុចសំបួ បង្ហាញនូវសុទិដ្ឋិនិយមនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
https://www.hotnews-asia.com/detail/395996