ឯកឧត្តម ឈា ប៊ុនរិទ្ធ ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ធ្វើទស្សនកិច្ចរោងចក្រផលិតនិងដំឡើងម៉ាស៊ីនបូមខ្សាច់ នៅចិន
ភ្នំពេញ៖ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងធ្វើទស្សនកិច្ចនៅរោងចក្រ Shandong Haohai Dredging Equipment Co., Ltd. ដែលមានជំនាញផលិត និងដំឡើងកាប៉ាល់បូមខ្សាច់ សម្រាប់បូមខ្សាច់ឬដីដុះនៅក្នុងទន្លេ/ស្ទឹង និងបូមសម្អាតរុក្ខជាតិនិងស្មៅដែលដុះនៅក្នុងអាងទឹក នៅសាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបថា សមាសភាពគណៈប្រតិភូក្រសួងដែលអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចមាន ឯកឧត្តមអនុរដ្ឋលេខាធិការ លោកប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ និងលោកអនុប្រធានការិយាល័យនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ឱ្យដឹងថា ដំណើរទស្សនកិច្ចនាពេលនេះបានធ្វើឡើងតបតាមការអញ្ជើញរបស់ក្រុមហ៊ុន The Consortium Guangdong Foreign Construction Co., Ltd និងក្រុមហ៊ុន Guangdong Yuantian Engineering Co., Ltd ក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់ពីបច្ចេកវិទ្យា និងដំណើរការនៃការផលិតនិងដំឡើងកាប៉ាល់បូមខ្សាច់នៅរោងចក្រ Shandong Haohai Dredging Equipment Co., Ltd ក្នុងទីក្រុងឈីងចូវ ខេត្តសានទុង ប្រទេសចិន។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ឱ្យដឹងទៀតថា ដោយសារការប្រែប្រួលនៃរបបជលសាស្ត្រ បាននាំឱ្យមានការដុះកំណកខ្សាច់ និងទ្រង់ទ្រាយរបស់ទន្លេ-ស្ទឹងមានការប្រែប្រួល ដែលជាហេតុបង្កឱ្យមានការបាក់ច្រាំង ហើយការប្រើកប៉ាល់បូមខ្សាច់ជាបច្ចេកវិទ្យាថ្មីមួយសម្រាប់បូមកំណកខ្សាច់ឬដីដុះយកចេញ ដើម្បីសម្រួលដល់ចរន្តទឹកហូរ និងកាត់បន្ថយការបាក់ច្រាំង៕